ឯកឧត្តម សុខ លូ ចុះពិនិត្យសិប្បកម្មកែច្នៃដូងក្រអូប សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
AKP បាត់ដំបង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងសិប្បកម្មយ៉ានីដូងក្រអូបស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាសិប្បកម្មកែច្នៃដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដល់បណ្ណសរសើរ និងថ្លែងអំណរគុណដល់លោក តាន់ សុភិន ម្ចាស់សិប្បកម្មយ៉ានីដូងក្រអូប ដែលបានចូលរួមចំណែកលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករឱ្យមានជីវភាពកាន់តែប្រសើរឡើងតាមរយៈការដាំដំណាំដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។


ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ម្ចាស់សិប្បកម្មឱ្យពង្រីកការកែច្នៃ និងបង្កើនការប្រមូលទិញដូងក្រអូបពីប្រជាកសិករសំដៅរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





