នាវាចម្បាំងកូរ៉េខាងត្បូង ជប៉ុន និងតួកគី កំពុងត្រូវបានពិចារណាសម្រាប់ការប្រកួតប្រជែងនាវាចម្បាំងថ្មីរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិកកំពុងពិចារណាលើការរចនានាវាចម្បាំងប្រភេទថ្មីពីប្រទេសកូរ៉េខាងត្បូង ជប៉ុននិងតួកគី ខណៈដែលខ្លួនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្ត ដើម្បីកសាងមូលដ្ឋានឧស្សាហកម្មកងទ័ពជើងទឹក និងការសាងសង់នាវារបស់ខ្លួនឡើងវិញ។
ដោយដកស្រង់ប្រភពឧស្សាហកម្មចំនួន ៣ សារព័ត៌មាន USNI News ដែលជាស្ថាប័នព័ត៌មានរបស់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍ថា សេតវិមាន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងពិចារណាលើការរចនាពីប្រទេសទាំងនោះសម្រាប់ការប្រកួតប្រជែងមួយដែលអាចរួមបញ្ចូលការសាងសង់នាវារហូតដល់ទៅ ២គ្រឿងនៅក្នុងកន្លែងផលិតនាវាបរទេស មុនពេលផ្លាស់ប្តូរទៅកន្លែងផលិតនាវារបស់សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការរចនានាវាចម្បាំងដែលកំពុងពិចារណារួមមាននាវាចម្បាំងមីស៊ីល Chungnam ដែលសាងសង់ដោយក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូងជាច្រើន នាវាចម្បាំងមីស៊ីលFFM Mogami របស់ក្រុមហ៊ុន Mitsubishi Heavy Industries និងនាវាចម្បាំងមីស៊ីល Istanbul ដែលសាងសង់ដោយកន្លែងផលិតនាវាតួកគីជាច្រើន។
កាលពីខែមុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើអនុស្សរណៈសន្តិសុខជាតិ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់កប៉ាល់បរទេសសាងសង់កប៉ាល់រហូតដល់ទៅ ២គ្រឿងនៅក្នុងកន្លែងផលិតកប៉ាល់មេរបស់ពួកគេ ដើម្បីដឹកជញ្ជូនទៅសហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីអនុស្សរណៈនេះ រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹក លោក ហ៊ុង កៅ (Hung Cao) បានដឹកនាំការិយាល័យរបស់អនុរដ្ឋមន្ត្រីកងទ័ពជើងទឹកទទួលបន្ទុកការស្រាវជ្រាវ អភិវឌ្ឍន៍ និងការទិញយក លោក វីល្លៀម ម៉ាហាន (William Mahan) ដើម្បីត្រួតពិនិត្យការសិក្សាលើនាវាចម្បាំងអន្តរជាតិ នាវាដឹកទំនិញចល័ត និងនាវាដឹកប្រេងបំពេញបន្ថែមទំនិញរួមគ្នានៅសមុទ្រសម្រាប់បញ្ជាការដ្ឋានយោធា។ ការវាយតម្លៃនេះត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៦។
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការសាងសង់កប៉ាល់ ខណៈដែលទីក្រុងសេអ៊ូលបានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១៥០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងវិស័យសាងសង់កប៉ាល់របស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការសន្យាវិនិយោគសរុបចំនួន ៣៥០ប៊ីលានដុល្លារអាម៉េរិកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកាលពីឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





