លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៦ ក្នុងខេត្តកំពង់ធំ ។
ក្នុងឱកាសប្រកាសតែងតាំងថ្នាក់ដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពង់ធំ និងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៦ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការសច្ចាបញ្ចូលសមាជិកថ្មី ក្នុងសមាគមកាយឫទ្ធិនារីកម្ពុជា គឺបានជួយបង្កើតឱកាសដល់កុមារី និងយុវតី បានអភិវឌ្ឍខ្លួនឯង ខណៈពួកគេនឹងទទួលបានការរៀនសូត្របន្ថែម បង្រៀនឲ្យពួកគេមានភាពជឿជាក់លើខ្លួនឯង មានកម្លាំងចិត្ត ក្លាហាន ហ៊ានបញ្ចេញនូវសមត្ថភាពជួយដល់អ្នកដទៃ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ទស្សនវិស័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ហើយបេសកកម្មរបស់សមាគម ជួយអភិវឌ្ឍថាមពល កុមារី និងយុវតី ដើម្បីឱ្យក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ ។ លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាគ្រប់សាខា ត្រូវបន្តធ្វើ និងជាប់ជាប្រចាំ ក្នុងការរៀបចំផែនការឱ្យបានសមស្រប និងជាក់ស្ដែងដើម្បីជួយកុមារី និងយុវតីនៅតាមមូលដ្ឋាន ដោយសមាគមស្នាក់ការកណ្ដាល មានក្រុមការងាររងចាំជួយ និងគាំទ្រ ត្រូវពង្រឹងនូវគុណភាពសមាជិក តាមរយៈការជួយបណ្ដុះបណ្ដាលពួកគេ ឱ្យសមស្របទៅនឹងទំហំគ្រូបង្រៀន ឬស្ថានភាពជាក់ស្ដែងនៃសមាគម ត្រូវស្ដាប់នូវគំនិត និងលើកទឹកចិត្តដល់កុមារី និងយុវតី ហើយជំរុញដល់ពួកគេ ឱ្យហ៊ានបញ្ចេញសមត្ថភាព៕


ដោយ៖ គង់ សិរីរ័ត្ន





