ជនជាតិប៉ាឡេស្ទីន ៣នាក់បានស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមប្រភពព័ត៌មានប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។
ប្រភពព័ត៌មានក្នុងស្រុក និងសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើតង់ដែលផ្តល់ជម្រកដល់ប្រជាជនដែលផ្លាស់ទីលំនៅនៅជំរំជនភៀសខ្លួនJabalia ភាគខាងជើងហ្គាហ្សា ខណៈដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅការជួបជុំរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងជំរំជនភៀសខ្លួន Jabalia។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Al-Shifa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពរបស់ជនជាតិប៉ាឡេស្ទីន ២នាក់ រួមទាំងក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ រួមជាមួយអ្នករងរបួសជាច្រើននាក់។
ដោយឡែកពីគ្នា មន្ទីរពេទ្យ Al-Aqsa បាននិយាយថា ស្ត្រីប៉ាឡេស្ទីនម្នាក់បានស្លាប់ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃអង្គារ ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅតំបន់ Deir al-Balah កណ្តាលហ្គាហ្សា។
ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយកម្ទេចជាបន្តបន្ទាប់នៅទូទាំងតំបន់វេសប៊ែង និងទីក្រុងយេរុយហ្សាឡឹម ភាគខាងលិច ដែលកាន់កាប់កាលពីព្រឹកមិញនេះ ខណៈដែលលោក រ៉ាប៊ី អាល់ស៊ូរ៉ាហ្វា (Rabee' al-Shurafa) អភិបាលក្រុងបៃតា បាននិយាយថា អ្នកតាំងលំនៅបានដុតរថយន្តចំនួន ៣គ្រឿង និងវាយប្រហារផ្ទះរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ភាគខាងកើតរវាងទីក្រុងបៃតា និងទីក្រុងអូសារីន។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាចំនួនអ្នកស្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅក្នុងខែតុលាឆ្នាំ២០២៥ បានកើនឡើងដល់ ១.៣៣៤នាក់ ដោយមានអ្នករងរបួសចំនួន៤.៤២៩នាក់។
ពួកគេបានបន្ថែមថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៧៣.៤៧០នាក់ដោយមានអ្នករងរបួសចំនួន ១៧៤.៥៤០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





