សត្វស្លាបទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ប្រឈមនឹងទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--លទ្ធផលនៃការអង្កេតតាមដានក្នុងខែសីហា ឆ្នាំ២០២៦ ដល់បច្ចុប្បន្ននេះរបស់ឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) បានឱ្យដឹងថា សត្វស្លាបទឹកជាច្រើនប្រភេទកំពុងបន្តធ្វើសំបុក ពងកូន និងមួយចំនួនបានចាប់ផ្តើមញាស់កូននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ប្រភេទសត្វស្លាបដែលបានកត់ត្រា រួមមាន សត្វខ្វែក ក្រសារធ្នង់ ក្រសារប្រផេះ ក្អែកទឹកតូច និងកុកគ្រោងតូច ជាដើម។

ដោយឡែក កម្ពស់ទឹកនៅក្នុងតំបន់ដីសើមនេះក៏បានកើនឡើងដល់ប្រមាណជាង ១៣០សង់ទីម៉ែត្រ និងកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ ដោយសារកង្វះដើមឈើលិចទឹកធំៗ ដែលអាចផ្តល់ទីតាំងសុវត្ថិភាពនៅកម្ពស់ខ្ពស់សម្រាប់ធ្វើសំបុក សំបុកសត្វស្លាបមួយចំនួនកំពុងប្រឈមនឹងការលិចទឹកជំនន់ ដែលអាចបណ្តាលឱ្យខូចខាតពង និងកូនសត្វស្លាប។

ក្រុមការងារអភិរក្សកំពុងបន្តអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការរំខាន និងធានាការការពារសុវត្ថិភាពដល់សត្វស្លាប និងទីជម្រករបស់ពួកវា៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ NatureLife)





