អង្គការសហប្រជាជាតិ៖ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ៦លាននាក់ វិលត្រឡប់ទៅកាន់ប្រទេសវិញក្នុងរយៈពេលតិចជាង ៣ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ -- ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួនប្រាំមួយលាននាក់ បានវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញក្នុងរយៈពេលតិចជាងបីឆ្នាំ។
UNHCR បាននិយាយនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា «ប្រវត្តិសាស្ត្រថ្មីៗនេះ មិនបានឃើញចលនាវិលត្រឡប់ក្នុងទ្រង់ទ្រាយធំបែបនេះទេ»។
វាបានបន្ថែមថា «វាមានសារៈសំខាន់ណាស់ដែលការវិលត្រឡប់ទាំងអស់នៅគ្រប់ទីកន្លែងគឺការស្ម័គ្រចិត្ត មានសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ»។
UNHCR មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវិលត្រឡប់របស់ជនភៀសខ្លួនទាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃពួកគេត្រូវបានគេជឿថា ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជិតខាងប៉ាគីស្ថាន និងអ៊ីរ៉ង់។
កាលពីខែមិថុនា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សេបាស់ សារីហ្វបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានជាង ២,៤លាននាក់បានវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបានចាប់ផ្តើមអនុវត្តកម្មវិធីធ្វើមាតុភូមិនិវត្តន៍ជាដំណាក់កាលនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។
យោងតាមតួលេខរបស់ UNHCR បានឱ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានប្រហែល ២,១លាននាក់បានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់ចាប់តាំងពីដើមឆ្នាំ២០២៥។
ប្រទេសប៉ាគីស្ថានបានទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេបន្ទាប់ពីការឈ្លានពានរបស់សូវៀតលើប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ១៩៧៩ និងឆ្នាំនៃជម្លោះ និងអស្ថិរភាពដែលមានជាបន្តបន្ទាប់។
យោងតាមតួលេខចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៧៧៧.០០០នាក់ដែលមានឯកសារបញ្ជាក់នៅតែរស់នៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលចំនួនជនភៀសខ្លួនខុសច្បាប់ត្រូវបានគេជឿថា មានចំនួនជាង ១លាននាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





