និស្សិតកម្ពុជា ៤នាក់ទៅសិក្សាអំពីអាកាសធាតុ និងលក្ខខណ្ឌអាកាសធាតុ នៅប្រទេសចិន សម្រាប់វិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--ដោយទទួលបានអាហារូបករណ៍ពីគម្រោង PEARL ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតងរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ សិស្សនិស្សិតកម្ពុជាចំនួន ៤នាក់ បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញឧតុនិយមសម្រាប់វិស័យកសិកម្ម និងឧតុនិយមជលសាស្ត្រ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តព័ត៌មានណានជីង (NUIST)។

អាហារូបករណ៍នេះកំពុងជួយបណ្តុះបណ្តាលអ្នកជំនាញកម្ពុជារៀមច្បងជំនាន់ថ្មី ដែលមានសមត្ថភាពក្នុងការកែលម្អការការព្យាករណ៍អាកាសធាតុ ការផ្តល់ព័ត៌មានអំពីអាកាសធាតុ និងការផ្តល់ដំបូន្មានផ្នែកកសិកម្មជូនដល់កសិករ។ ការទៅសិក្សានេះនឹងនាំមកវិញជូនកសិករសម្រាប់ការដឹងជាមុនអំពីស្ថានភាពអាកាសធាតុ ដែលអាចបង្កើតភាពខុសគ្នាដ៏សំខាន់មួយ ចាប់តាំងពីការសម្រេចចិត្តលើពេលវេលានៃការដាំដុះ ប្រភេទដំណាំដែលត្រូវដាំ និងរបៀបគ្រប់គ្រងទឹក និងសត្វល្អិតចង្រៃ រហូតដល់ការកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងហានិភ័យផ្សេងទៀតដែលពាក់ព័ន្ធនឹងអាកាសធាតុ។

និស្សិតដែលបានបញ្ចប់ការសិក្សានេះ ក៏នឹងចូលរួមចំណែកដល់ «សេវាកម្មឧតុនិយមសម្រាប់វិស័យកសិកម្មកម្ពុជា» ដែលត្រូវបានបង្កើតឡើងដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ FAO ផងដែរ។ សេវាកម្មនេះផ្តល់នូវព័ត៌មានអាកាសធាតុ និងការណែនាំជាក់លាក់សម្រាប់ដំណាំនីមួយៗ ដើម្បីជួយកសិករក្នុងការសម្រេចចិត្តបានកាន់តែប្រសើរឡើងស្របពេលដែលអាកាសធាតុកំពុងមានការប្រែប្រួល។

គម្រោង PEARL ដែលត្រូវបានអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មិនត្រឹមតែវិនិយោគលើការគាំទ្រដល់កសិករនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគលើធនធានមនុស្ស និងចំណេះដឹងដែលចាំបាច់ ដើម្បីធានាថា សេវាកម្មទាក់ទងនឹងអាកាសធាតុនៅតែបន្តផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្មកម្ពុជានៅក្នុងឆ្នាំខាងមុខៗទៀត៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ FAO)





