ឯកឧត្តម ទៀ សីហា ផ្តល់ត្រីខកំប៉ុងចំនួន៣៣០កេស ជូនដល់បណ្តាអង្គភាពទ័ពសមរភូមិទិសទី១ប្រាសាទព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--អំណោយស្បៀងត្រីខកំប៉ុងចំនួន៣៣០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្តាអង្គភាពទ័ពសមរភូមិទិសទី១ប្រាសាទព្រះវិហាររបស់យោធភូមិភាគទី៤ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត នាយករងនាយកដ្ឋានផ្គត់ផ្គង់ និងជាប្រធានស្នាក់ការភស្តុភារសមរភូមិមុខទិសទី១ប្រាសាទព្រះវិហារ ស្រអែមយោធភូមិភាគទី៤ ដោយមានការអញ្ជើញទទួលពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការរង នាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងឯកភាពសមរភូមទិសទី១ប្រាសាទព្រះវិហារ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះជីវភាពរស់នៅរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិជួរមុខ តាមបណ្តោយព្រំដែន សមរភូមិទិសទី១ប្រាសាទព្រះវិហារ ក៏ដូចជាតាមបណ្តាអង្គភាពសមរភូមិទិសជួរមុខ គ្រប់សមរភូមិទិសនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំឯកឧត្តមរដ្ឋមន្រ្តី មន្រ្តីក្រសួងការពារជាតិ ឯកឧត្តម អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបន្ទាត់ព្រំដែនខ្សែរត្រៀមជួរមុខ ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រដែលថ្នាក់លើប្រគល់ជូន។

“យើងខ្ញុំជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងគណៈបញ្ជាការកងឯកភាពសមរភូមទិសទី១ប្រាសាទព្រះវិហារ នឹងប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារបូរណភាពទឹកដី និងគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យគ្រប់ភារកិច្ច”៕

ដោយ ទិត ស្រ៊





