ក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចុះបំពេញបេសកកម្មផ្លូវការក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--នៅសាលប្រជុំប្រាសាទតាក្របី នៃសាលាខេត្តឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បើកកិច្ចប្រជុំជំនួប និងកិច្ចសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មុនពេលក្រុមការងារចុះបំពេញបេសកកម្មផ្លូវការក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក សុណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ហោ ជិនវិរយុទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ជាច្រើនរូបទៀត។

លោក ហោ ជិនវិរយុទ្ធ បានថ្លែងថា កិច្ចសហការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន និងសហការឱ្យបានល្អនៃការចុះបំពេញបេសកកម្មការងារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក សុណ្ណា ពិសាខា បានមានប្រសាសន៍សូមឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួលគ្រប់ផ្នែកជាមួយស្ថាប័ន ចូលរួមគាំទ្រដល់ការអនុវត្តបេសកកម្មការងារក្នុងមូលដ្ឋាន ដើមី្បឱ្យបេសកកម្មក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរ៕

ដោយ៖ ទិត ស្រ៊





