អភិបាលរងខេត្តបន្ទាយមានជ័យ៖ អគារមន្ទីរពេទ្យមិត្តនគរបាលថ្មីជាសមិទ្ធផលសុខាភិបាលដ៏មានសារៈសំខាន់សម្រាប់កងកម្លាំង និងប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦-- អគារមន្ទីរពេទ្យមិត្តនគរបាលថ្មី កម្ពស់៣ជាន់ ដែលមានរហូតដល់៣០បន្ទប់ បានចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយត្រូវបានចាត់ទុកថាជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ក្នុងវិស័យសុខាភិបាល សំដៅលើកកម្ពស់ការថែទាំសុខភាព និងសម្រួលការទទួលបានសេវាព្យាបាលជូនកងកម្លាំងនគរបាល គ្រួសារកងកម្លាំង និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមសាងសង់អគារមន្ទីរពេទ្យមិត្តនគរបាលនេះ ដោយចាត់ទុកថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់មនុស្ស និងសុខុមាលភាពសង្គម។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា សុខភាពរបស់កងកម្លាំងគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ឱ្យកងកម្លាំងអាចបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ការរៀបចំឱ្យមានទីកន្លែងព្យាបាល និងថែទាំសុខភាពដែលមានលក្ខណៈសមរម្យ និងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង គឺជាកត្តាដែលមិនអាចមើលរំលងបាន។ ជាមួយគ្នានេះ លោក លៀម សុដា ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ភាគី ក្នុងការគាំទ្រដល់ការសាងសង់សមិទ្ធផលនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយគុណភាព សុវត្ថិភាព និងតាមស្តង់ដារបច្ចេកទេស ដើម្បីធានាថា នៅពេលសាងសង់រួច អគារមន្ទីរពេទ្យនេះពិតជាអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់អ្នកប្រើប្រាស់។

លោកបានបន្តថា ការសាងសង់មន្ទីរពេទ្យមិត្តនគរបាល មិនមែនមានន័យត្រឹមតែការបង្កើតអគារមួយខ្នងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើត ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមួយ ដែលអាចជួយសង្គ្រោះ និងព្យាបាលជំងឺបានកាន់តែឆាប់រហ័ស និងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់អ្នកជំងឺ ជាពិសេសក្នុងករណីត្រូវការសង្គ្រោះបន្ទាន់។ ក្នុងន័យនេះ មន្ទីរពេទ្យមិត្តនគរបាលថ្មី ត្រូវបានរំពឹងថា នឹងក្លាយជាចំណុចសំខាន់មួយក្នុងការជួយពង្រឹងប្រព័ន្ធថែទាំសុខភាពសម្រាប់មន្ត្រីនគរបាលជាតិ គ្រួសារកងកម្លាំង និងអាចចូលរួមបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ វាក៏បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កងកម្លាំង ដែលតែងតែបំពេញភារកិច្ចនៅជួរមុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
អគារមន្ទីរពេទ្យមិត្តនគរបាល (POLICE FRIENDSHIP HOSPITAL) ដែលបានចាប់ផ្តើមបុកគ្រឹះសាងសង់នេះ មានទំហំទទឹង ១៣,៥០ម៉ែត្រ និងប្រវែង២៨ម៉ែត្រ កម្ពស់៣ជាន់ និងមានចំនួន ៣០បន្ទប់ ដែលរៀបចំឡើងតាមស្តង់ដារបច្ចេកទេស ដើម្បីបម្រើការព្យាបាល និងថែទាំសុខភាព។
ការផ្តួចផ្តើមសាងសង់នេះ ត្រូវបានដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបង្កើតមូលដ្ឋានសុខាភិបាលមួយដែលមានលក្ខណៈទំនើប សមស្រប និងអាចបំពេញតម្រូវការព្យាបាលនៅក្នុងមូលដ្ឋានបានកាន់តែប្រសើរ។

ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យមិត្តនគរបាលខេត្តបន្ទាយមានជ័យនេះ មានការអញ្ជើញចូលរួមពីលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការបណ្តាក្រុង-ស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋជាច្រើននាក់៕
ដោយ ឈុន សារ៉ាត





