ឯកឧត្ដម មាន ចាន់យ៉ាដា ចុះពិនិត្យស្ពាន និងផ្លូវគ្រួសក្រហមដែលរងខូចខាចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ
AKP ឧត្តរមានជ័យ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ពាន និងផ្លូវគ្រួសក្រហម ដែលរងខូចខាចដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំអូរស្វាយ និងផ្លូវគ្រួសក្រហមមួយខ្សែស្ថិតនៅឃុំបាកអន្លូង ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការស្តារឡើងវិញ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ដើម្បីធ្វើការស្តារឡើងវិញពីការខូចខាត ក្រុមការងារបច្ចេកទេសត្រូវធ្វើការសិក្សាឱ្យបានល្អ ហើយយើងនឹងធ្វើជួសជុលស្តារឡើងវិញនៅពេលការចប់រដូវភ្លៀងធ្លាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។ ហេតុនេះ ក្រុមការងារត្រូវពិនិត្យឱ្យបានលម្អិតលើកម្រិតនៃការខូចខាតនៃតួស្ពាន និងផ្លូវថ្នល់ក្រាលក្រួសក្រហម ដែលត្រូវទឹកហូរកាត់ផ្ដាច់បណ្ដាលឱ្យខូចខាត ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងរៀបចំផែនការជួសជុល៕



ដោយ៖ ទិត ស្រ៊





