មន្ទីរសុខាភិបាលខេត្តតាកែវ បើកកិច្ចប្រជុំពិនិត្យនិងវាយតម្លៃលទ្ធផលការងារសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត
AKP តាកែវ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការងារសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យចំណុះមន្ទីរ លោក លោកស្រី ប្រធានការិយាល័យស្រុកប្រតិបត្តិ លោក លោកស្រី ប្រធានមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងលោក លោកស្រី ប្រធានផ្នែក និងប្រធានកម្មវិធីចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។ ពិធីនេះរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ វាយតម្លៃ និងវិភាគលទ្ធផលការងារដែលបានអនុវត្តក្នុងខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើសមិទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងចំណុចខ្វះខាតនានា ព្រមទាំងពិភាក្សារកដំណោះស្រាយ និងកំណត់ទិសដៅការងារបន្ត ដើម្បីធានាឱ្យការអនុវត្តផែនការសុខាភិបាលប្រចាំឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព គុណភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក៏បានជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំការិយាល័យ ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងអ្នកទទួលបន្ទុកកម្មវិធីជំនាញទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តការងារ តាមដានលទ្ធផលឱ្យបានជាប់ជាប្រចាំ។ ត្រូវពង្រឹងកិច្ចសហការរវាងគ្រប់អង្គភាព និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ។

លោកឱសថការី ផាន់ វ៉ាន់ បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះក៏បានផ្តោតទៅលើការកំណត់អាទិភាពការងារ និងវិធានការអនុវត្តសម្រាប់ខែបន្ទាប់ផងដែរ ដោយលើកកម្ពស់ស្មារតីទទួលខុសត្រូវ សហការ និងការបំពេញការងារដោយផ្អែកលើលទ្ធផល សំដៅធានាឱ្យប្រព័ន្ធសុខាភិបាលខេត្តតាកែវកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ៕
តាកែវ អ៊ុច សៀង





