ខេត្តបន្ទាយមានជ័យរៀបចំផែនការចុះធ្វើបច្ចុប្បន្នភាពស្ថិតិអតីតយុទ្ធជន និងនិវត្តន៍ជនដល់មូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--ក្រោមម្លប់នៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននិងនិវត្តជន នាទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយក្រុមការងារពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កិច្ចប្រជុំផ្តោតលើចំណុចស្នូលការរៀបចំក្រុមការងារចុះមូលដ្ឋាន៖ បង្កើតយន្តការច្បាស់លាស់ដើម្បីចុះផ្ទាល់ដល់មូលដ្ឋានឃុំ-សង្កាត់ ក្នុងការជួបសំណេះសំណាល និងប្រមូលទិន្នន័យជាក់ស្តែង។ ធ្វើបច្ចុប្បន្នភាពស្ថិតិការពិនិត្យ និងកែសម្រួលទិន្នន័យបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានដាក់ពាក្យស្នើសុំជំនួយឧបត្ថម្ភផ្សេងៗ។ ធានាភាពត្រឹមត្រូវ និងយុត្តិធម៌ធានាថាការផ្តល់នូវអត្ថប្រយោជន៍ និងគោលនយោបាយគាំទ្រនានា បានហូរដល់ដៃអ្នកដែលស័ក្តិសម និងត្រូវការជំនួយពិតប្រាកដ។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះមិនត្រឹមតែជាការងាររដ្ឋបាលធម្មតានោះទេ ប៉ុន្តែវាស្តែងឱ្យឃើញយ៉ាងច្បាស់នូវស្មារតី "មិនបោះបង់ពលរដ្ឋណាម្នាក់ចោល" របស់រាជរដ្ឋាភិបាល ដែលតែងតែចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន និងយុទ្ធការី ដែលបានលះបង់កម្លាំងកាយចិត្ត និងឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ តាមរយៈការចុះធ្វើបច្ចុប្បន្នភាពស្ថិតិនេះ ក្រុមការងារថ្នាក់ខេត្តនឹងអាចក្តាប់បានច្បាស់លាស់ពីស្ថានភាពរស់នៅជាក់ស្តែង សុខភាព និងតម្រូវការចាំបាច់របស់បងប្អូនអតីតយុទ្ធជននិងនិវត្តជននៅតាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការអន្តរាគមន៍ និងការគាំទ្របានទាន់ពេលវេលា និងចំគោលដៅបំផុត។ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គឺជាអាទិភាពខ្ពស់បំផុតដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតដោយគ្មានការធ្វេសប្រហែសឡើយ៕

ដោយ ឈុន សារ៉ាត





