គម្រោងគជ់គាំទ្រកសិករដាំបន្លែនៅខេត្តសៀមរាបរៀនបច្ចេកទេសដាំបន្លែបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--គម្រោងគជ់ ចាប់ពីថ្ងៃទី០១-០៦ ខែកញ្ញា ឆ្នាំ២០២៦ បានគាំទ្រកសិករគំរូទាំង១៨០នាក់បានអនុវត្តបច្ចេកទេសដែលពួកគេបានរៀន នៅទីតាំងចម្ការបង្ហាញទាំងប្រាំមួយ និងបានចែករំលែកបច្ចេកទេសទាំងនេះ ដល់កសិករដែលរស់នៅក្បែរទីតាំងចម្ការបង្ហាញនិមួយៗ។ កាលពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កសិករគំរូចំនួន១៨០នាក់ដដែលបានជ្រើសរើសមកពីសហគមន៍កសិកម្មចំនួន ៥ និងសហគមន៍កសិកម្មទំនើបចំនួន១ ក្នុងខេត្តសៀមរាប បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសាលារៀនចម្ការកសិករ ស្តីពីការផលិតបន្លែធន់នឹងអាកាសធាតុ នៅទីតាំងចម្ការបង្ហាញចំនួន៦។

ដោយមានការដឹកនាំពីជ្រោងជ្រែងនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង កសិករបានរៀនជំនាញជាក់ស្តែង អំពីការជ្រើសរើសពូជ ការបណ្តុះកូនបន្លែ ការរៀបចំដី និងការគ្រប់គ្រងជីជាតិដី បច្ចេកទេសថែទាំដំណាំបន្លែ ការធ្វើជីកំប៉ុស្ត ការគ្រប់គ្រងកត្តាចង្រៃ ការគ្រប់គ្រងសត្វល្អិតតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងការដោះស្រាយក្រោយពេលប្រមូលផល និងការវិភាគសេដ្ឋកិច្ច និងការធ្វើផែនការអាជីវកម្មសម្រាប់ដំណាំបន្លែ។

ការរៀនតាមរយៈការអនុវត្តផ្ទាល់ និងការចែករំលែកវាជាមួយអ្នកដទៃ ជាទិសដៅដែលគម្រោងបានរៀបចំ។ ជាមួយនឹងការអនុវត្តកាន់តែប្រសើរ កសិករអាចកាត់បន្ថយការខាតបង់ អាចគ្រប់គ្រងបញ្ហាប្រឈមបណ្តាលមកពីអាកាសធាតុ និងអាចផលិតបន្លែដែលមានគុណភាព និងបរិមាណតាមតម្រូវការទីផ្សារ៕


ដោយ ណយ នឿន (ប្រភព៖ គម្រោងគជ់)





