អង្គការ WCS គាំទ្រថ្នាលបណ្ដុះកូនឈើខ្នាតធំនៅ កណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--អង្គការ WCS មានសេចក្តីសោមនស្សរីករាយណាស់ដែលគាំទ្រថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៃស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា បានសាងសង់រួចរាល់ជាស្ថាពរដោយរួមជាមួយប្រព័ន្ធទឹកស្រោចស្រពកូនឈើទៀតផង។ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះមានសមត្ថភាពផ្ទុកកូនឈើបានប្រមាណចំនួន៣០០ ០០០ដើម។

ប្រភពពីអង្គការ WCS កម្ពុជា បានឱ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមា (Keo Seima REDD+) បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការដាំស្តារព្រៃឈើឡើងវិញស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងតាមយុទ្ធសាស្ត្រចក្រាបរិស្ថានឆ្នាំ ២០២៣–២០២៨ របស់ក្រសួងបរិស្ថាន។ ការគាំទ្រនេះផ្តោតលើការអភិវឌ្ឍថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅភូមិភាគឦសាននៃប្រទេសកម្ពុជា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្នាល ដើម្បីបណ្តុះកូនឈើដែលមានគុណភាពល្អ ស្របទៅតាមបរិយាកាស និងសណ្ឋានដីប្រទេសកម្ពុជា។ គម្រោងបានគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធថ្នាលដែលរួមមានប្រព័ន្ធទឹកស្រោចស្រព ការសាងសង់ខ្លោងទ្វារថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ព្រមទាំងគ្រាប់ពូជ បច្ចេកទេសបណ្តុះកូនឈើ និងការថែទាំកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៃដែនជម្រកសត្វព្រៃកែវសីមា។

ក្នុងឆ្នាំ២០២៦នេះ គម្រោងរេដបូកកែវសីមាបានគាំទ្រសកម្មភាពបណ្តុះកូនឈើជាច្រើនប្រភេទដែលមានសរុបចំនួន ១១០ ០០០ដើម រួមមាន បេង កកោះ ធ្នង់ ស្រល់ គគីរ និងឈើហូបផ្លែ…។ល។ កូនឈើទាំងនេះនឹងត្រូវយកទៅគាំទ្រលើការងារដាំស្តារព្រៃឈើឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងចែកចាយទៅតាមសហគមន៍មូលដ្ឋាន តាមរយៈយុទ្ធនាការពន្លកបៃតង ក្នុងគោលដៅស្តារគម្របព្រៃឈើ និងពង្រឹងភាពធន់នឹងអាកាសធាតុ។ សម្រាប់ឆ្នាំ២០២៧ គម្រោងមានផែនការបណ្តុះកូនឈើចំនួន ១៥០ ០០០ដើម បន្ថែមទៀត ដើម្បីបង្កើនភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី និងផ្តល់អត្ថប្រយោជន៍បន្ថែមដល់សហគមន៍មូលដ្ឋាន និងភពផែនដីទាំងមូល៕


ដោយ ណយ នឿន (ប្រភព៖ WCS)





