ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ ជួយដល់ចាស់ជរា រស់នៅម្នាក់ឯង
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦--ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ លោក អៀង ហុង កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះកំណត់អត្តសញ្ញាណ និងអន្តរាគមន៍ផ្តល់សេវាសង្គមកិច្ច ជួយដល់ជនចាស់ជរាក្រីក្រ រស់នៅម្នាក់ឯង ដែលបានបង្ហោះផ្សាយតាមបណ្តាញសង្គម ស្វែងរកជំនួយ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ពិតជាមានជនចាស់ជរា ក្រីក្រត្រូវការជំនួយដូចការផ្សាយនៅក្នុងបណ្តាញសង្គមពិតប្រាកដមែន ដោយលោកយាយ មាន ឈ្មោះ សរ យ៉ាន អាយុ ៨៦ឆ្នាំ រស់នៅភូមិរលួសកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិសាត់។ លោក យាយ សរ យ៉ាន បច្ចុប្បន្នរស់នៅម្នាក់ឯង មានក្មួយមានផ្ទះក្បែរគ្នា តែលោកយាយ មិនព្រមស្នាក់នៅជាមួយក្មួយនោះទេ ព្រោះលោកយាយចង់នៅស្ងៀមស្ងាត់មិនចង់ឱ្យនរណារំខាន ហើយចំពោះការហូបចុក គឺក្មួយតែងតែផ្គត់ផ្គង់ប្រចាំថ្ងៃ។ ក្នុងផ្ទះខ្ទមលោកយាយមិនមានសម្ភារៈផ្ទះបាយ ដូចជា ឆ្នាំង ចង្ក្រានបាយជាដើមនោះទេ ដោយលោកយាយជរាមិនអាចចម្អិនអាហារបាន។ ក្រៅពីការជួយផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃពីសំណាក់ក្មួយ អាជ្ញាធរមូលដ្ឋាន ស្រុក និងក្រុមការងាររាជរដ្ឋាភិបាល បានជួយឧបត្ថម្ភអង្ករជារៀងរាល់ខែ។ លោកយាយក៏មានប័ណ្ណសមធម៌ ដែលអាចទទួលបានសេវាសង្គមផ្សេងៗពីរាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពាំនាំការសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន ជូនដល់លោកយាយ ដូចជា អង្ករ ៤០គីឡូក្រាម គ្រឿងឧបភោគបរិភោគ មួយចំនួនធំ សម្ភារៈដំណេក និងសម្ភារៈផ្ទះបាយ៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)





