លោក អ៊ូ វីវិបុលសិរី ប្រគេនអង្ករ ៣តោន ដល់វត្តស្វាយរមៀត ដើម្បីរួមចំណែកទ្រទ្រង់ការសិក្សារៀនសូត្រ និងការបដិបត្តិធម៌របស់ព្រះសង្ឃ
AKP សៀមរាប ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា និងស្នាក់នៅសិក្សារៀនសូត្រក្នុងវត្តស្វាយរមៀត លោក អ៊ូ វីវិបុលសិរី អនិជនខ្មែររស់នៅប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគេនអង្ករចំនួន ៣តោន ដល់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

លោក អ៊ូ វីវិបុលសិរី បានលើកឡើងថា ការប្រគេនអង្ករនាពេលនេះ គឺជាការចូលរួមចំណែកតូចមួយក្នុងការទ្រទ្រង់ព្រះសង្ឃដែលកំពុងបំពេញសមណកិច្ច សិក្សាព្រះធម៌វិន័យ និងបណ្តុះបណ្តាលចំណេះដឹងដល់ព្រះសង្ឃជំនាន់ក្រោយ។ លោកបានបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាគ្រឹះនៃសីលធម៌ និងវប្បធម៌ខ្មែរ ដែលត្រូវការការចូលរួមថែរក្សាពីពុទ្ធបរិស័ទគ្រប់រូប។

លោកក៏បានអំពាវនាវដល់សប្បុរសជន និងពុទ្ធបរិស័ទឱ្យបន្តចូលរួមគាំទ្រវិស័យព្រះពុទ្ធសាសនា តាមរយៈការចូលរួមកសាង និងឧបត្ថម្ភវត្តអារាមនានា ព្រោះជាការរួមចំណែកថែរក្សាមរតកវប្បធម៌ និងពង្រឹងសីលធម៌ក្នុងសង្គម។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកា ថ្លែងអំណរគុណចំពោះលោក អ៊ូ វីវិបុលសេរី ដែលបានប្រគេនអង្ករដ៏មានសារៈសំខាន់នេះ ដោយចាត់ទុកថា ជាការរួមចំណែកដ៏មានតម្លៃក្នុងការទ្រទ្រង់ការរស់នៅ ការសិក្សា និងការប្រតិបត្តិធម៌របស់ព្រះសង្ឃក្នុងវត្ត ក្នុងឱកាសគង់ចាំព្រះវស្សា៕

ដោយ ឃុត សៅ





