លោក ស៊ី អំពាវនាវឱ្យចិន និងអេហ្ស៊ីប បង្កើនការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធ បានអំពាវនាវឱ្យប្រទេសចិន និងអេហ្ស៊ីប គាំទ្រគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តជំរុញការកសាងសហគមន៍ចិន-អេហ្ស៊ីប ដែលមានអនាគតរួមគ្នាក្នុងចំណោមស្ថានភាពអន្តរជាតិ និងតំបន់ដ៏ច្របូកច្របល់។
លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតាហ៍ អែល-ស៊ីស៊ី (Abdel Fattah El-Sisi) ដោយកត់សម្គាល់ថា ប្រទេសអេហ្ស៊ីប គឺជាប្រទេសអារ៉ាប់ និងអាហ្វ្រិកដំបូងគេ ដែលបានបង្កើតចំណងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៥៦។
លោក ស៊ី បានមានប្រសាសន៍ថា មេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ បានដឹកនាំប្រជាជនរបស់ពួកគេ ក្នុងការប្រយុទ្ធគ្នា ដើម្បីឯករាជ្យជាតិ និងប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយម ដោយបានបង្កើតចំណងមិត្តភាពដែលមិនអាចបំបែកបាន។
លោក បានមានប្រសាសន៍ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងចិន-អេហ្ស៊ីប បានឆ្លងកាត់បញ្ហាប្រឈម និងបានបង្កើតលក្ខណៈពិសេសប្លែកៗ នៃសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក មិត្តភាព និងការរៀនសូត្រ សាមគ្គីភាព និងការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក ស៊ី បានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខភាព កីឡា និងវិស័យផ្សេងៗទៀត និងសម្រួលដល់ការផ្លាស់ប្តូរបុគ្គលិក និងបង្កើនចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។
ចំពោះលោក ស៊ីស៊ី បានស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់លោក ស៊ី ទៅកាន់ប្រទេសអេហ្ស៊ីប ក្នុងឱកាសខួបលើកទី៧០ នៃចំណងការទូតរវាងប្រទេសទាំងពីរ។
លោក ស៊ីស៊ី បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងរឹងមាំ និងស្ថិរភាព ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗបានផ្តល់លទ្ធផលផ្លែផ្កា។
លោក ស៊ីស៊ី បានបន្ថែមថា ប្រទេសអេហ្ស៊ីបប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍ចិនតែមួយ ហើយប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសអេហ្ស៊ីប-ចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





