កម្ពុជា ត្រូវបានគាំទ្រជាអនុប្រធានការិយាល័យនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ឆ្នាំ២០២៦-២០២៩
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ញូវយ៉ក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ប្រទេសកម្ពុជា ត្រូវបានគាំទ្រឱ្យធ្វើជាអនុប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) សម្រាប់អាណត្តិខែកញ្ញា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៩ នៅក្នុងកិច្ចប្រជុំឯកអគ្គរាជ/រដ្ឋទូតនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ(អ.ស.ប.) ក្នុងទីក្រុងញូវយ៉ក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។

ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.)បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តមកលើប្រទេសកម្ពុជា និងសម្តែងការកោតសរសើរចំពោះប្រទេសនេប៉ាល់ ចំពោះការដឹកនាំនិងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញផលប្រយោជន៍និងអាទិភាពរបស់ក្រុមប្រទេស LDC ក្នុងអាណត្តិជាប្រធានរបស់ខ្លួន។

ឯកឧត្ដម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសហ្គាំប៊ី ក្នុងនាមជាប្រធាន និងសមាជិកដទៃទៀតនៃការិយាល័យ ដើម្បីរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងសំឡេងរួមរបស់ប្រទេស LDC ក៏ដូចជាបន្តជំរុញអាទិភាព និងផលប្រយោជន៍រួមរបស់ក្រុម រួមទាំងការត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃកម្មវិធីសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដូហា ក្នុងខែមីនា ឆ្នាំ២០២៧៕

ដោយ៖ រិទ្ធី, ប្រភព៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ





