រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត
AKP ឧត្តរមានជ័យ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦--លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត នាថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ លើកកម្ពស់គុណភាពវិស័យព័ត៌មាន និងឆ្លើយតបបំភ្លឺទាន់ហេតុការ ណ៍ចំពោះព័ត៌មានមិនពិត ។

កិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យមានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោក លោកស្រីប្រធាន អនុប្រធានតំណាងមន្ទីរអង្គភាព-កងកម្លាំងទាំង៣ប្រភេទអាជ្ញាធរក្រុង ស្រុក ជាច្រើនរូបទៀត ។
លោក ម៉េត មាសភក្តី បានថ្លែងគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃវិស័យព័ត៌មាន ក្នុងយុគសម័យឌីជីថល ការពង្រឹងគុណភាពវិស័យព័ត៌មាន ការតាមដានក្តាប់សភាពការណ៍ និងការឆ្លើយតបបកស្រាយបំភ្លឺទាន់ពេលវេលាចំពោះព័ត៌មានមិនពិត ដើមី្បការពារសន្តិសុខ ភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់សាធារណៈ ជាកិច្ចការងារអាទិភាពដ៏សំខាន់បំផុតក្នុងខេត្ត។រាល់ព័ត៌មានដែលចេញផ្សាយដោយស្ថាប័នរដ្ឋ ត្រូវមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានលក្ខណៈបច្ចេកទេស និងឆ្លុះបញ្ចាំងពីការពិតនៃសកម្មភាពកសាង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

លោកបានបញ្ជាក់បន្ថែមថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារព័ត៌មានខេត្ត ជាមួយមន្ទីរ ជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មានអាជីព ដើម្បីឱ្យការហូរចូល និងចែកចាយព័ត៌មានប្រព្រឹត្តទៅបានលឿន និងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលរងខេត្ត ក៏បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក ហើយបានជំរុញឱ្យបន្តស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន មកលើការដឹកនាំរបស់អាជ្ញាធរដែនដី និងរាជរដ្ឋាភិបាល៕
ដោយ៖ ទិត ស្រ៊





