ក្រសួងការងារ៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ផ្តល់ឱកាសការងារជាង ៣៥,០០០កន្លែង ពីក្រុមហ៊ុន និងសហគ្រាស១៥០
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនឹងវិលត្រឡប់មកជួបយុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារជាថ្មីទៀតហើយ ដោយនៅឆ្នាំ២០២៦នេះ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ នឹងនាំមកនូវឱកាសការងារជាង ៣៥,០០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រប្រមាណ ១៥០ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាដ៏សំខាន់មួយសម្រាប់ភ្ជាប់រវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីឱ្យយុវជន សិស្ស-និស្សិត អ្នកបញ្ចប់ការសិក្សា និងប្រជាពលរដ្ឋដែលកំពុងស្វែងរកឱកាសការងារ អាចស្វែងរកការងារសមស្របទៅតាមជំនាញ សមត្ថភាព និងចំណាប់អារម្មណ៍របស់ខ្លួនបានកាន់តែងាយស្រួល។
លោកបន្តថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ព្រមទាំងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

«តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងអាចទទួលបានឱកាសជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុន សហគ្រាស និងរោងចក្រជាច្រើន ដើម្បីស្វែងយល់អំពីតម្រូវការកម្លាំងពលកម្ម លក្ខខណ្ឌការងារ មុខតំណែងការងារ និងឱកាសអភិវឌ្ឍអាជីពនៅក្នុងស្ថាប័ននីមួយៗ»។ នេះបើតាមការបញ្ជាកពីលោក ស៊ុន មេសា។
លើសពីនេះ លោកថា អ្វីដែលកាន់តែពិសេស សម្រាប់អ្នកស្វែងរកការងារ ព្រឹត្តិការណ៍នេះនឹងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកការងារដោយអាចបង្កើតប្រវត្តិរូបសង្ខេប(CV) ដាក់ពាក្យ និងចូលសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនដែលចូលរួមក្នុងព្រឹត្តិការណ៍។
ក្រៅពីការស្វែងរកការងារ ពិព័រណ៍នេះក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការចូលរួម សិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតភាពការងារ ដែលនឹងមានការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពីវាគ្មិន និងអ្នកជំនាញពាក់ព័ន្ធ។

លោក ស៊ុន មេសា ថ្លែងថា សូមកុំឱ្យឱកាសការងារជាង ៣៥,០០០កន្លែងកន្លងផុតទៅ ដោយមិនបានសាកល្បង។ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅកោះពេជ្រ អាចជាចំណុចចាប់ផ្តើមសម្រាប់អាជីពថ្មីរបស់យុវជន និងអ្នកស្វែងរកការងារជាច្រើននាក់។
ជាមួយគ្នានេះ អ្នកដែលមិនអាចអញ្ជើញចូលរួមផ្ទាល់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក៏អាចចូលរួមស្វែងរកឱកាសការងារតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យអ្នកស្វែងរកការងារអាចចូលមើលព័ត៌មានមុខតំណែងការងារ និងចូលរួមក្នុងពិព័រណ៍ការងារតាមប្រព័ន្ធឌីជីថល។
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានចាត់ទុកជាឱកាសដ៏មានសារៈសំខាន់សម្រាប់យុវជន និងអ្នកស្វែងរកការងារ ជាពិសេសក្នុងបរិបទដែលទីផ្សារការងារកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងតម្រូវឱ្យកម្លាំងពលកម្មមានជំនាញ សមត្ថភាព និងចំណេះដឹងសមស្របទៅនឹងតម្រូវការរបស់និយោជក។

ការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏អាចជួយឱ្យអ្នកស្វែងរកការងារស្គាល់កាន់តែច្បាស់អំពីទីផ្សារការងារ និងអាចប្រៀបធៀបឱកាសការងារពីក្រុមហ៊ុនជាច្រើននៅក្នុងទីតាំងតែមួយ។ ជាពិសេស យុវជនអាចប្រើប្រាស់ឱកាសនេះ ដើម្បីសួរផ្ទាល់ទៅកាន់និយោជកអំពីលក្ខខណ្ឌការងារ ជំនាញដែលត្រូវការ និងផ្លូវអភិវឌ្ឍអាជីពនាពេលអនាគត។
សម្រាប់ព័ត៌មានបន្ថែម អ្នកចាប់អារម្មណ៍អាចទាក់ទងតាមលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ ឬ ០១៧ ៨៧១ ៨០៧ ឬទំនាក់ទំនងតាម Hotline ១២៩៧៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





