ក្រសួងអប់រំ៖ ការប្រឡង់បាក់ឌុបធ្លាក់មិនមែនជាទីបញ្ចប់នោះទេ
AKP ភ្នំពេញ ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ -- ក្រោយការប្រកាស លទ្ធផល នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅថាបាក់ឌុបបានបញ្ចប់ទៅ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ចេញសារមួយតាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួនដោយបញ្ជាក់ថា៖”ការប្រឡង់បាក់ឌុបធ្លាក់មិនមែនជាទីបញ្ចប់នោះទេ”។
តាមរយៈសារនេះដែរក្រសួងអប់រំបានលើកឡើងថា៖”ប្អូនៗអាចត្រៀមខ្លួនជាថ្មី និងត្រឡប់មកវិញជាមួយសមត្ថភាពខ្លាំងជាងមុន នៅឆ្នាំក្រោយ”។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសលទ្ធផលនៃការ ប្រឡងសញ្ញាបត្រ នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦។
សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ២០២៦នេះ សរុបមានចំនួន ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។សម្រាប់បេក្ខជនជាប់និទ្ទេស A មានចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕

ដោយ មករា





