ពួកសកម្មប្រយុទ្ធ ២១នាក់ និងបុគ្គលិកសន្តិសុខ ៦នាក់ត្រូវបានសម្លាប់នៅភាគនិរតីប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ -- យោធាបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានពួកសកម្មប្រយុទ្ធចំនួន ២១នាក់ បុគ្គលិកសន្តិសុខចំនួន ៦នាក់ និងមន្ត្រីគយម្នាក់ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Inter-Services Public Relations (ISPR) នៃយោធាប៉ាគីស្ថាន បានឱ្យដឹងថា ហេតុការណ៍ទាំងនេះបានកើតឡើងនៅក្នុងស្រុកចាហ្គៃ និងស្រុកពីស៊ីន ក្នុងអំឡុងពេលយប់ថ្ងៃច័ន្ទដល់ថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងឧប្បត្តិហេតុមួយ ពួកសកម្មប្រយុទ្ធបានព្យាយាមរំខានចរាចរណ៍តាមបណ្តោយផ្លូវហាយវេ N-40 Quetta-Taftan ដោយបង្កើតចំណុចត្រួតពិនិត្យខុសច្បាប់សម្រាប់ការជំរិតទារប្រាក់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កងកម្លាំងសន្តិសុខបានឆ្លើយតប និងសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១១នាក់ បន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ខណៈពេលដែលអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនធំត្រូវបានរកឃើញ។
យោងតាមសេចក្តីថ្លែងការណ៍នេះ នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀតក្នុងអំឡុងពេលយប់ ពួកសកម្មប្រយុទ្ធបានបើកការវាយប្រហារដោយសម្របសម្រួលក្នុងការប៉ុនប៉ងបំបែកការិយាល័យគយនៅតំបន់ Ziarat Cross ក្នុងស្រុកពីស៊ីន។
សេចក្តីថ្លែងការណ៍ ISPR បាននិយាយថា កងកម្លាំងសន្តិសុខបានឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១០នាក់ បន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំង។
យោធាបាននិយាយថា ការវាយប្រហារលើអគារគយគឺជាផ្នែកមួយនៃ «ទំនាក់ទំនងភេរវកម្ម-ឧក្រិដ្ឋកម្ម» ដែលមានគោលបំណងរារាំងមន្ត្រីគយពីការអនុវត្តកាតព្វកិច្ចស្របច្បាប់របស់ពួកគេ និងសម្របសម្រួលសកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍ បុគ្គលិកសន្តិសុខចំនួន ៦នាក់ និងមន្ត្រីគយម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់ប្រហារគ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





