រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យតាមក្រសួង ស្ថាប័ន
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ --ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅសំខាន់គឺដើម្បីពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដែលការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបានលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ដើម្បីពង្រីកសមត្ថភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីបានរម្លឹកឡើងវិញនូវអនុសាសន៍ណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងព័ត៌មាន ដោយត្រូវបន្តជំរុញ និងលើកកម្ពស់ការផលិត និងផ្សព្វផ្សាយមាតិកាអំពីគោលនយោបាយ កម្មវិធី សកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ឱ្យកាន់តែសកម្ម ទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយសមិទ្ធផលជាក់ស្តែងនៅតាមមូលដ្ឋាន ដែលកំពុងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យបង្កើនស្មារតីបុរេសកម្ម ការទទួលខុសត្រូវ និងភាពម្ចាស់ការ ក្នុងការតាមដាន ប្រមូល ចងក្រង ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវស្មារតី «២៤ម៉ោងលើ ៧ថ្ងៃ» ដើម្បីធានាថា ព័ត៌មានដែលមានភាពត្រឹមត្រូវ ប្រភពច្បាស់លាស់ និងទាន់ពេលវេលា ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ លើសពីនេះ ត្រូវប្រើប្រាស់ឱ្យអស់សក្តានុពល និងពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយជាតិ និងថ្នាលឌីជីថលនានា ជាពិសេសទូរទស្សន៍ជាតិកម្ពុជា ឱ្យដើរតួនាទីកាន់តែសកម្ម និងក្លាយជាស្នូលសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «ការងារព័ត៌មានក្នុងសម័យឌីជីថល ត្រូវការការផ្លាស់ប្តូរទស្សនៈ និងរបៀបធ្វើការឱ្យស្របទៅនឹងតម្រូវការជាក់ស្តែង ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយព័ត៌មានតែប៉ុណ្ណោះ ទៅជាដំណើរការការងារដែលមានលក្ខណៈជាប្រព័ន្ធ ចាប់ពីការស្តាប់ ការយល់ ការសម្រេច ការផ្សព្វផ្សាយ ការទទួលមតិយោបល់ ការឆ្លើយតប ការវាស់វែងលទ្ធផល និងការកែលម្អជាបន្តបន្ទាប់ ដើម្បីឱ្យការងារព័ត៌មានកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា និងកាន់តែជិតស្និទ្ធជាមួយតម្រូវការ និងការចាប់អារម្មណ៍របស់សាធារណជន»៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





