ពលករខ្មែរមកពីប្រទេសថៃ នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង រៀនវគ្គបណ្តុះបណ្តាលកែច្នៃបន្លែផ្លែឈើ
AKP បាត់ដំបង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦–ពលករខ្មែរមកពីប្រទេសថៃ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទទួលបានការរៀនវគ្គបណ្តុះបណ្តាលកែច្នៃបន្លែផ្លែឈើ ដែលមានរយៈពេលមួយអាទិត្យ ពីវិទ្យាស្ថានភូមិភាគតេជោសែនបាត់ដំបង ដើម្បីឱ្យគាត់មានជំនាញមួយច្បាស់លាស់ សម្រាប់យកទៅបើកអាជីវកម្មផ្ទាល់ខ្លួន ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

លោកស្រី សឿត រ៉ាស៊ី គ្រូជំនាញកែច្នៃបន្លែផ្លែឈើ មកពីវិទ្យាស្ថានភូមិភាគតេជោសែនបាត់ដំបងបានឱ្យដឹងនីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៦ថា លោកស្រី បានចុះមកបណ្តុះបណ្តាលពលករមកពីប្រទេសថៃរយៈពេលមួយអាទិត្យ នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលរាជរដ្ឋាភិបាលបានផ្តល់គម្រោងនេះ ដើម្បីឱ្យគាត់ចាប់ជំនាញមួយឱ្យបានច្បាស់លាស់ បង្កើតអាជីវកម្មមួយ សម្រាប់ក្រុមគ្រួសារ របស់គាត់។ សិក្ខាកាមចូលរួមបណ្តុះបណ្តាលទាំងបុរស និងស្រ្តីចំនួន ២៦នាក់ ក្រៅពីបណ្តុះបណ្តាលកែច្នៃបន្លែផ្លែឈើ មានកែច្នៃជ្រក់ ដំណាប់ផងដែរ។ បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលភាគច្រើន ២០ទៅ ២៥ភាគរយ គាត់បានអនុវត្តហើយ បានបើកជាមុខរបរ ត្រូវនឹងជំនាញ ដែលគាត់បានរៀន អាចកែច្នៃបរិភោគ នៅក្នុងផ្ទះ។ ភាគច្រើនអ្នកដែលបានទទួលវគ្គបណ្តុះបណ្តាល នៅផ្ទះរបស់គាត់សំបូរវត្ថុធាតុដើម ដោយកែច្នៃទៅតាមស្តង់ដា ហើយមានរស់ជាតិឆ្ងាញ់។

លោកស្រី ពឿត សុខឿយ រស់នៅភូមិបឹងរាំង បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញកែច្នៃបន្លែផ្លែឈើ បានបីមុខវិជ្ជាហើយមុខវិជ្ជាទី១ សណ្តែកសៀងជាមួយនឹងល្ងខ្មៅ ទី២ ត្រាវ និងដំឡូងជ្វា និងទី៣ផ្លែមៀន ហើយបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនេះទៅ នឹងយកជំនាញ ដែលបានសិក្សារៀនសូត្រយកទៅប្រើប្រាស់ ក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ចង់ចេះជំនាញកែច្នៃបន្លែឈើ អាចទំនាក់ទំនងទៅវិទ្យាស្ថានភូមិភាគតេជោសែនបាត់ដំបង ឬក៏អាចទៅដល់ទីតាំងផ្ទាល់ ដែលគ្រូជំនាញបណ្តុះបណ្តាលកំពុងតែបង្រៀន នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង នោះបងប្អូននឹងទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញកែច្នៃបន្លែផ្លែឈើ ដើម្បីឱ្យបងប្អូនអាចយកជំនាញដែលសិក្សារៀនសូត្រនោះទៅបើកជាអាជីវកម្មផ្ទាល់ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើង៕
ដោយ៖ ណយ នឿន (ប្រភព៖មន្ទីរព័ត៌មានខេត្តបាត់ដំបង)





