គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណ:ប្រតិភូ នៃISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ប្រកបដោយជោគជ័យ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ, សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ ឯកឧត្តមប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និងស្ថិរភាព។
ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ, សម្តេចធិបតីបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ ដែលបាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ។ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។
មុននឹងបញ្ចប់, សម្តេចធិបតីបានជម្រាបជូនគណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ដោយ៖ គង់ សិរីរ័ត្ន





