អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជាចុះ MoUដើម្បីលើកកម្ពស់លើធុរកិច្ចនៅកម្ពុជា
AKPភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) បានចាប់ដៃគ្នាជាប្រវត្តិសាស្ត្រមួយ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ដើម្បីលើកកម្ពស់លើធុរកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថាពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦រវាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។

ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ក្នុងព្រឹត្តិការណ៍នេះដែរត្រូវបានគេចាត់ទុកថាមិនត្រឹមតែជានិមិត្តរូប នៃ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាណដ៏ខ្លាំងក្លា ចំពោះវិនិយោគិនជាតិ និងអន្តរជាតិថា កម្ពុជាលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ ក្នុងស្មារតីមួយដែលទាំងរដ្ឋ ទាំងវិស័យឯកជន ធ្វើការជាមួយគ្នា។


អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុង MoU នេះកំណត់កាតព្វកិច្ចយ៉ាងច្បាស់លាស់សម្រាប់ភាគីទាំងពីរ។ ខាងសភាពាណិជ្ជកម្មកម្ពុជា ត្រូវធានាបំពេញតួនាទីជាស្ពានតភ្ជាប់ សម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យបណ្តឹងពីសមាជិកមកកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ស្របតាមនីតិវិធីច្បាប់ ព្រមទាំងផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយដល់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ទូទាំងប្រទេស។ ចំណែកឯខាង អង្គភាពប្រឆាំងអំពើពុករលួយ បានប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព គាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ ព្រមទាំងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាងទាំងឡាយណាដែលទទួលបានស្របច្បាប់ — ធានាថារាល់ការផ្តល់ព័ត៌មានទាំងនោះ នឹងត្រូវបានពិនិត្យ ចាត់វិធានការតាមសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងការគោរពនីតិវិធីច្បាប់ជាដាច់ខាត។


គួរបញ្ជាក់ថាស្ថាប័នរដ្ឋ និងវិស័យឯកជន ទាំងពីរនេះ បានកំណត់ទិសដៅសកម្មភាពជាក់ស្តែងចំនួន ៤ គឺ៖ ជំរុញការបណ្តុះបណ្តាល សិក្ខាសាលា និងផ្សព្វផ្សាយច្បាប់ដល់សមាជិកសភាពាណិជ្ជកម្ម និងវិស័យឯកជន រៀបចំកិច្ចសន្ទនា ក្នុងគោលដៅដោះស្រាយឧបសគ្គប្រឈមក្នុងវិស័យឯកជនជាប្រចាំឆ្នាំ តែងតាំងជនបង្គោល សម្រាប់ការទំនាក់ទំនងលឿន និងជាប្រចាំ និងទទួល-ដោះស្រាយរាល់ពាក្យបណ្តឹង-ព័ត៌មានទាំងឡាយ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍អ្នកផ្តល់ព័ត៌មាន។
ជាងនេះទៅទៀតស្ថាប័នទាំងពីរបានអំពាវនាវដល់ក្រសួង-ស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិនជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ចូលរួមគាំទ្រការអនុវត្ត MoU នេះឲ្យកើតផលជាក់ស្តែង សំដៅឲ្យកម្ពុជាក្លាយជាទីតាំងវិនិយោគដែលមានទាំងភាពទាក់ទាញ ទាំងភាពស្អាតស្អំ ដើម្បីវឌ្ឍនភាព និងចីរភាពសេដ្ឋកិច្ចជាតិយូរអង្វែង៕

ដោយ៖មករា





