ឯកឧត្តម អ៊ុច បូររិទ្ធ៖ សន្តិភាពយូរអង្វែងគឺតម្រូវឱ្យថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ននីតិប្បញ្ញត្តិ ចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីមួយៗ ដើម្បីធានាបាននូវស្ថិរភាព សន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងគឺតម្រូវឱ្យថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ននីតិប្បញ្ញត្តិ ចូលរួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីមួយៗ ដែលដើម្បីធានាបាននូវស្ថិរភាពសន្តិភាព។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងបន្ថែមទៀតថា ក្នុងកិច្ចពិភាក្សានារសៀលថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានរំលឹកថា មានតែការសាមគ្គីភាព ការគោរពនូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទើបអាចឱ្យតំបន់ ក៏ដូចជាពិភពលោកទាំងមូលអាចរក្សាបាននូវសន្តិភាពដ៏យូរអង្វែងបាន។ នេះជាចំណុចនៃការកត់សម្គាល់មួយដែលឯកឧត្តមប្រធាននៃកិច្ចពិភាក្សាបានលើកឡើងជាទឡ្ហីករណ៍។ កិច្ចពិភាក្សាក៏មានការលើកឡើងនូវការចែករំលែកនូវបទពិសោធន៍មួយចំនួនដែរ រវាងបណ្ដាថ្នាក់ដឹកនាំដែលបានចូលរួមនោះ ព្រោះយើងដឹងហើយថា ប្រទេសនីមួយៗមានបទពិសោធន៍នៃការចូលរួម និងការដោះស្រាយបញ្ហាប្រទេស ក៏ដូចជាការជួបប្រទះផ្សេងៗគ្នា ជាការចែករំលែកគ្នាទៅវិញទៅមកផងដែរ។

ទន្ទឺមនឹងនេះ កិច្ចពិភាក្សាទូទៅទាំងមូលបានសម្តែងនូវការគាំទ្រ និងបំផុសនូវគំនិតបន្ថែមទៀត ឱ្យបណ្ដាស្ថាប័ននីតិប្បញ្ញត្តិដែលបានចូលរួម ត្រូវរួមសាមគ្គីគ្នាក្នុងការលើកជាទឡ្ហីករណ៍ដើម្បីជំរុញឱ្យបណ្ដារដ្ឋាភិបាលទាំងឡាយនៅលើពិភពលោក នាំគ្នាត្រឡប់មករកច្បាប់អន្តរជាតិវិញ ហើយនិងការដោះស្រាយដោយសន្តិវិធី ដែលជាជំហរមួយដើម្បីធានានូវស្ថិរភាពរបស់ពិភពលោក៕

ដោយ ទេស ច័ន្ទសុធារី





