សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលបង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ បានគូសបញ្ជាក់ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលកំណត់ថា «អ្នកខ្លាំងឈ្នះ» ដោយជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល បង្ហាញសាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់ អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។ ការលើកឡើងរបស់របស់សម្តេចតេជោប្រធានព្រឹទ្ធសភាបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នុំពេញ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយ សន្តិវិធី»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានទស្សនៈថា សហគមន៍ដែលគោរពច្បាប់របស់យើងគប្បីខិតខំស្វែងរកផ្លូវច្បាប់ ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ (grey-zone tactics) ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ»។ សម្តេចតេជោបានលើកឡើងក្នុងចំណុចទី៣ ស្តីពី «គណនេយ្យភាពស្ថាប័ន និងដំណោះ ស្រាយតាមផ្លូវច្បាប់» (Institutional Accountability and Legal Recourse) ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលអ្នកខ្លាំងជាអ្នកឈ្នះ ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ស្ថាប័ននីតិប្បញ្ញត្តិត្រូវឈរជារណសិរ្សជួរមុខ រួមគ្នាតស៊ូមតិ ដើម្បីការពារច្បាប់អន្តរជាតិ ការទូត ការសន្ទនាបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់។ តាមរយៈការចងក្រងបណ្តាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមត្រូវតែមានកម្លាំងខ្លាំងក្លា ដើម្បីប្រឆាំង និងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។»

ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភាបានឱ្យដឹងទៀតថា ការពង្រឹងគណនេយ្យភាពស្ថាប័នការប្រើប្រាស់យន្តការតាមផ្លូវច្បាប់ និងការរួមគ្នារបស់ស្ថាប័ននីតិប្បញ្ញត្តិ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងទប់ស្កាត់ការប្រើប្រាស់កម្លាំងដើម្បីសម្រេចមហិច្ឆតារបស់ប្រទេសណាមួយលើប្រទេសដទៃ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការពិតនាពេលបច្ចុប្បន្ន បានក្រើនរម្លឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា»។
សម្ដេចតេជោ បានលើកឡើងទៀតថា ផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែលកាន់តែខ្ពស់។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើងរបស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំ ផ្ទះសម្បែងឱ្យបានរៀបរយ ពន្លឿនការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គិភ័យរបស់យើង។ ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូលទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ៕
ដោយ៖ ប៊ុនរិទ្ធ





