ជញ្ជាំងជ្រុងខាងលិចខ្លោងទ្វារទន្លេអុំ អាជ្ញាធរជាតិអប្សរាជួសជុលសម្រេចបាន៨០ភាគរយហើយ
AKPសៀមរាប ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៦---
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរាបានជួសជុលជញ្ជាំងជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំ សម្រេចបាន៨០ ភាគរយហើយគិតត្រឹមខែតុលាឆ្នាំ២០២៦នេះ ពោលគឺផ្នែកជញ្ជាំងនិងកាំជណ្តើរត្រូវបានជួសជុលពង្រឹងរួចរាល់ជាស្ថាពរហើយ ហើយបច្ចុប្បន្នក្រុមការងារបាននិងកំពុងបង្ហាប់ដី បិទបាយអ និងពង្រាបដីនៅផ្នែកខាងលើ ដោយរំពឹងថា អាចនឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗនេះ។

លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល បានអោយដឹងនារសៀលថ្ងៃ៧កើតខែអស្សុជឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០២៦នេះថា ការជួសជុលពង្រឹងជញ្ជាំងដែលមានប្រវែង១៥ម៉ែត្រ បានរួចរាល់ជាស្ថាពរ ហើយក្រុមការងារកំពុងចាក់បំពេញដី និងបំពេញបាយអនៅ ចន្លោះថ្មមួយចំនួន ដើម្បីពង្រឹងរចនាសម្ព័ន្ធជញ្ជាំង។ ហើយកាំជណ្តើរខាងក្នុងមានចំនួន២៣កាំ ដោយក្រុមការងារបានរៀបចំតម្រៀបភ្ជាប់ពីផ្នែកជញ្ជាំងឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយទប់ជញ្ជាំងផង និងលើកតម្លៃនៃខ្លោងទ្វារផង។

លោក ម៉ៅ សុខនី បានគូសបញ្ជាក់ថា ខ្លោងទ្វារទន្លេអុំជាចំណុចទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរភាគច្រើនឈប់ថតរូប ទស្សនាចម្លាក់កូរសមុទ្រទឹកដោះ និងឡើងទស្សនាលើកំពែងជាដើម។
រីឯបច្ចេកទេសនៃការជួសជុលវិញ លោក ម៉ៅ សុខនី បានពន្យល់ថា បានធ្វើតាមលំនាំដើមពីបុរាណ ដោយបន្ថែមបច្ចេកទេសថ្មីបញ្ចូលខ្លះ ដើម្បីធានាភាពរឹងមាំកាន់តែយូរអង្វែង។

លោក ម៉ៅ សុខនី មានសុទិដ្ឋិនិយមថា ក្រោយការជួសជុលរួច គម្រោងនេះនឹងលើកតម្លៃជញ្ជាំងកំពែងនៃអតីតក្រុងអង្គរធំ ឱ្យកាន់តែស្រស់ស្អាត ពិសេសធានាពីភាពរឹងមាំរាប់រយឆ្នាំទៅមុខទៀត។ អ្នកជំនាញរូបនេះក៏សង្ឃឹមដែរថា គម្រោងអភិរក្សនៃខ្លោងទ្វារក្រុងអង្គរធំ អាចនឹងជួសជុលនៅចំណុចផ្សេងៗទៀត ដ្បិតថាខ្លោងទ្វារទាំង៥ សុទ្ធតែមានហានិភ័យ ដែលត្រូវការអភិរក្សជាបន្តបន្ទាប់៕
ដោយ៖ ហង្ស សៀក





