អង្គការ FAO រៀបចំសិក្ខាសាលាដើម្បីបញ្ចប់ជាស្ថាពរនូវ «យុទ្ធសាស្ត្រជាតិស្តីពីសុខភាពតែមួយ ឆ្នាំ២០២៦-២០៣០»
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក (WHO) ដោយសហការជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយ ដើម្បីបញ្ចប់ជាស្ថាពរនូវ «យុទ្ធសាស្ត្រជាតិស្តីពីសុខភាពតែមួយ ឆ្នាំ២០២៦-២០៣០ របស់កម្ពុជា»។

ផែនការយុទ្ធសាស្ត្រសុខភាពជាតិ ឆ្នាំ ២០២៦–២០៣០ ផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រមួយសម្រាប់ការដាក់ឱ្យដំណើរការជាប្រព័ន្ធ និងការអនុវត្តន៍វិធីសាស្ត្រ «សុខភាពតែមួយ» (One Health) ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់សហគមន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសុខភាពមនុស្ស សុខភាពសត្វ និងបរិស្ថាន។ តាមរយៈការគាំទ្រពីមូលនិធិសម្រាប់ជំងឺរាតត្បាត (Pandemic Fund) គំនិតផ្តួចផ្តើមនេះនឹងលើកកម្ពស់ការសម្របសម្រួល ការទំនាក់ទំនង ការអភិវឌ្ឍសមត្ថភាព និងការតាមដានត្រួតពិនិត្យបែបសមាហរណកម្ម ដែលជួយឱ្យកម្ពុជាអាចបង្ការ រកឃើញ និងឆ្លើយតបបានកាន់តែប្រសើរចំពោះការគំរាមកំហែងផ្នែកសុខភាពថ្មីៗ ដែលកើតឡើងនៅចំណុចប្រសព្វរវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខសុខភាព។

សិក្ខាសាលានេះមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើយុទ្ធសាស្ត្រនេះ ដោយបញ្ចូលនូវអនុសាសន៍នានាដែលទទួលបានពីព្រឹត្តិការណ៍ «សុខភាពតែមួយ» (One Health Satellite Event) នៅកម្ពុជា ៕

ដោយ ណយ នឿន (ប្រភព៖FAO)





