មន្ត្រីឧទ្យានុរក្សខេត្តកំពង់ស្ពឺចុះបង្ក្រាបជនល្មើសទន្ទ្រានដីព្រៃខុសច្បាប់ចំនួន ២ករណីបន្ថែមទៀត នៅក្នុងឧទ្យានជាតិ«គិរីរម្យ»
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦--មន្រ្តីឧទ្យានរក្សកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាប ក្រោយពីជនល្មើសបោះបង្គោល ហ៊ុមពទ្ធ័ លើ ដី ដែល ជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិគោលបំណងយកធ្វើជាកម្មសិទ្ធ នៅចំណុចជិតស្ទឹងក្រឡាញ់ ប្រព្រឹត្ត ដោយអញ្ញាតជន ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។
ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងពេលដែលមន្ត្រីឧទ្យានុរក្សទៅដល់ទីតាំងនោះបានប្រទះឃើញមានការលួចដាំបង្គោលរបងថ្ម និងឈើចំនួន ១៥បង្គោល លើផ្ទៃដីប្រមាណជា ០.២០ហិកតា។ មន្ត្រីឧទ្យានុរក្សបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ប្រភពខាងលើនេះបានឱ្យដឹងថា ក្រុមមន្រ្តីឧទ្យានរក្ស នៅថ្ងៃដដែលនេះបានចុះប្រតិបត្តិការបង្ក្រាបពីការកាប់ឆ្ការ រុករាន ដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធ ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចអូរកសេះ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះ សុរាម្រិត កុសុមៈ «គិរីរម្យ»។ ពេលទៅដល់ទីតាំងបានប្រទះឃើញមានការលួចកាប់ឆ្ការព្រៃលើផ្ទៃដីទំហំប្រមាណ ០.៨០ហិកតា និងដាំដំណាំ ចេក ចំនួន៧៥ដើម ជាលទ្ធផល មន្ត្រីឧទ្យានុរក្សបានដក កម្ទេចចោល និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធាន ធម្មជាតិ។

គួរបញ្ជាក់ថា ក្នុង១សប្តាហ៍កន្លងមកនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន៧ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងបានរៀចំសំណុំរឿងតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការអាទិភាពចំនួន ៣ គឺ ទី១ ការទប់ស្កាត់និងការពារ, ទី២ ការរៀបចំសណ្តាប់ធ្នាប់ និងទី៣ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ មករា





