ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ៩៧នាក់ និងរាប់សិបនាក់កំពុងបាត់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏សាហាវមួយនៅព្រំដែននេប៉ាល់-ចិន បានកើនឡើងដល់ ៩៧នាក់ខណៈដែកយ៉ាងហោចណាស់មានអ្នកទេសចរ និងអ្នកធ្វើដំណើរចំនួន៣៨៤នាក់ ក៏ដូចជាទាហាន និងប៉ូលិស ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយកាលពីថ្ងៃពុធនៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅជិតព្រំដែនប្រទេសចិន។
លោក ស្សៃលេនដ្រា ថាប៉ា អ្នកនាំពាក្យរបស់កងកម្លាំងប៉ូលិសប្រដាប់អាវុធ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៩៧នាក់ ខណៈដែលមនុស្ស ៥៤នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នោះ។
នៅពេលមុននេះ ក្នុងការធ្វើបទសម្ភាសន៍មួយជាមួយសភាអំពីគ្រោះមហន្តរាយនេះ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក ស៊ីស្សៀ ខាណាល់ បាននិយាយថា មន្ត្រី ទាហាន និងប៉ូលិស ក៏ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួនដែរ បន្ទាប់ពីមានទឹកជំនន់ភ្លាមៗបានបោកបក់ទៅលើបន្ទាយរបស់ពួកគេ។
ក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់បាននិយាយដាច់ដោយឡែកពីគ្នាមួយថា ខ្លួនបានកត់ត្រាមនុស្សបាត់ខ្លួនចំនួន ៣៨៤នាក់។ ក្រុមប្រឹក្សាបាននិយាយថា អាជ្ញាធរកំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់ទីតាំង និងស្ថានភាពសុវត្ថិភាពរបស់អ្នកទេសចរ និងអ្នកធ្វើដំណើរដែលកំពុងនៅក្នុង ឬធ្វើដំណើរឆ្លងកាត់តំបន់ដែលរងផលប៉ះពាល់។
លោក ខាណាល់ បាននិយាយថា មន្ត្រីប៉ូលិសចំនួន ២៩នាក់ និងទាហានចំនួន ៤៤នាក់ ក៏បានបាត់ខ្លួនផងដែរ បន្ទាប់ពីទឹកជំនន់បានបោកបក់បន្ទាយរបស់ពួកគេនៅក្នុងស្រុករ៉ាស៊ូវ៉ា។
យ៉ាងហោចណាស់មានស្ពានចំនួន១៩ ត្រូវបានទឹកហូរបោកបក់ឱ្យបាក់ហើយផ្លូវប្រវែង ៤០គីឡូម៉ែត្រ ត្រូវបានខូចខាត រួមជាមួយនឹងគម្រោងវារីអគ្គិសនីចំនួន១៣។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល។រថយន្តដឹកទំនិញប្រហែល ២០០គ្រឿងក៏ត្រូវបានទឹកហូរបោកបក់យកទៅជាមួយផងដែរ។
លោក ខាណាល់ បាននិយាយថា គ្រោះរញ្ជួយដីមួយបានវាយប្រហារតំបន់ព្រំដែនកាលពីថ្ងៃពុធ ដែលបង្កឱ្យមានការរអិលបាក់ដី ដែលនៅទីបំផុតបានបណ្តាលឱ្យមានការបាក់ស្រុតបឹងទឹកកកនៅក្នុងតំបន់ទីបេនៃប្រទេសចិន។ ទីក្រុងប៉េកាំងបានកំណត់អត្តសញ្ញាណតំបន់នេះថា ជាតំបន់ស្វយ័តស៊ីហ្សាង។
លោក ខាណាល់ បាននិយាយថា «ដោយសារតែគ្រោះទឹកជំនន់នេះគម្រោងវារីអគ្គិសនីមួយចំនួនធំ ការិយាល័យរដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវបានលុបចោល»។
គ្រោះរញ្ជួយដីកម្រិត ៤,៤រ៉ិចទ័របានវាយប្រហារភូមិកូដារី ក្នុងប្រទេសនេប៉ាល់ ដែលមានព្រំប្រទល់ជាប់នឹងតំបន់ទីបេក្នុងប្រទេសចិន នៅវេលាម៉ោង ៨:៣៧នាទីព្រឹក (ម៉ោងក្នុងស្រុក)។ នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំត្រូវបានចាប់ផ្តើមនៅសងខាងនៃព្រំដែនប្រទេសទាំងពីរ។
អ្នកដែលត្រូវបានរាយការណ៍ថាបាត់ខ្លួន រួមមានមនុស្សមកពីប្រទេសនេប៉ាល់ ឥណ្ឌា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង អូស្ត្រាលី និងហូឡង់ខណៈដែលសញ្ជាតិជាច្រើនទៀតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





