រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ព្រីតថេនទៅធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាគោកប្រាសាទ ខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោក ប្រចាំប្រទេសកម្ពុជា World Vision មានកិត្តិយសយ៉ាងក្រៃលែងក្នុងការស្វាគមន៍ លោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ព្រីតថេន បានធ្វើទស្សនកិច្ចទៅកាន់សាលាបឋមសិក្សាគោកប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីឃើញដោយផ្ទាល់ពីផលជះជាវិជ្ជមាននៃគម្រោងឆ្លើយតបបន្ទាន់ផ្នែកអប់រំ រវាងអង្គការទស្សនៈពិភពលោក និងព្រីតថេន។ នេះបើតាមការឱ្យដឹងពី។អង្គការ World Vision នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។

ក្រោមការសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ព្រមទាំងភាគីពាក់ព័ន្ធក្នុងស្រុក គម្រោង «ក្តីសង្ឈឹម» ដែលទទួលបានការគាំទ្រពីព្រីតថេន ដើម្បីស្តារការរៀនសូត្រប្រកបដោយសុវត្ថិភាពសម្រាប់កុមារផ្លាស់ទី បានជោគជ័យក្នុងការធានាឱ្យកុមារដែលរងផលប៉ះពាល់ និងផ្លាស់ទីលំនៅចំនួន ៣ ១៦៩ នាក់ បានទទួលឱកាសរៀនសូត្រប្រកបដោយសុវត្ថិភាព បរិយាបន្ន និងមានគុណភាព ទោះបីជាមានការរំខានដោយជម្លោះព្រំដែន ក៏ដោយ ។

នៅអំឡុងពេលទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី បានទៅពិនិត្យមើលសម្ភារបរិក្ខារសាលារៀន និងបានជជែកពិភាក្សាយ៉ាងមានអត្ថន័យជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ដែលទទួលផលពីគម្រោង។ កិច្ចឆ្លើយតបនេះ បានផ្តល់ជូនដោយផ្ទាល់នូវថ្នាក់រៀនបណ្តោះអាសន្ន ដែលបំពាក់ដោយសម្ភារសិក្សាចាំបាច់ ព្រមទាំងបានសាងសង់កន្លែងលាងដៃ និងចែកសម្ភារអនាម័យសំខាន់ៗ ដើម្បីការពារសុខភាពកុមារ។ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សុខុមាលភាពផ្លូវចិត្តក្នុងអំឡុងពេលផ្លាស់ទីលំនៅ គម្រោងនេះក៏បានគាំទ្រផ្តល់កន្លែងកុមារមេត្រី ដែលសមស្របសម្រាប់កុមារ ជាមួយនឹងការដំឡើងឧបករណ៍លេងជាច្រើនប្រភេទ នៅតាមទីតាំងប្រកបដោយសុវត្ថិភាពផងដែរ ។

អង្គការ World Vision បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃព្រីតថេន និងប្រជាជនព្រីតថេន សម្រាប់ការផ្តល់មូលនិធិដ៏សប្បុរស និងការប្តេជ្ញាចិត្តក្នុងការការពារ ការអប់រំ សុខភាព និងសុខុមាលភាពរបស់កុមារងាយរងគ្រោះក្នុងអំឡុងពេលមានវិបត្តិព្រំដែនកន្លងទៅ ៕

ដោយ ណយ នឿន (ប្រភព៖World Vision)





