កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តចំពោះការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ចាប់ពីថ្ងៃទិ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គឺជាឱកាសមួយក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងពង្រឹងទំនាក់ទំនងរវាងសភាកម្ពុជាជាមួយសភានានានៅលើពិភពលោក។

នៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងជម្លោះ និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ការទូតមិនត្រឹមតែជាកិច្ចការរបស់រដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះទេ ប៉ុន្តែសភាក៏អាចដើរតួនាទីសំខាន់ក្នុងការបង្កើតការយល់ដឹង កិច្ចសន្ទនា និងទំនុកចិត្តរវាងប្រទេសនានាផងដែរ។
តាមរយៈសន្និសីទ ISC លើកទី២នេះ ប្រធានសភា និងបណ្តាមេដឹកនាំសភា អាចផ្លាស់ប្តូរទស្សនៈគ្នាដោយផ្ទាល់ក្នុងការស្វែងរកផលប្រយោជន៍រួម និងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាដែលមានផលប៉ះពាល់ដល់ប្រជាជន និងសហគមន៍អន្តរជាតិ។
ចាប់ពីការបង្កើតនៅក្នុងឆ្នាំ២០២៥ រហូតដល់ការរៀបចំសន្និសីទលើកទី២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៦ នេះ សន្និសីទ ISC បានបង្ហាញពីគោលបំណងបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការថ្មីមួយរវាងសភានានា និងបង្ហាញពីសារៈសំខាន់របស់សន្និសីទ ISC ដែលកមិនស្ថិតត្រឹមតែជាការជួបប្រជុំរបស់ប្រធានសភានោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពរបស់សភាក្នុងការបើកច្រកសន្ទនា បង្កើតទំនុកចិត្ត និងជួយស្វែងរកដំណោះស្រាយសន្តិវិធីចំពោះបញ្ហាដែលកំពុងបែងចែកសហគមន៍អន្តរជាតិ។
នៅពេលដែលសន្និសីទ ISC បន្តអភិវឌ្ឍន៍ទៅមុខ វាអាចក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការទូតសភា និងការជំរុញគោលការណ៍សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងសហគមន៍អន្តរជាតិ៕
ដោយ៖ យា ចិន្តាខន្តី, រូបថត៖ ខឹម សុវណ្ណារ៉ា





