ភូមិចំនួន៦ក្នុងខេត្តសៀមរាបត្រូវបានប្រកាសថា គ្មានការបន្ទោរបង់ពាសវាលពាសកាលទៀតនោះទេ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ភូមិចំនួន ៦ក្នុង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរការសម្រេចបាននូវស្ថានភាព «ភូមិគ្មានការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់» ឬហៅកាត់ថា ODF+ (Open Defecation Free Plus)។

តាមរយៈគម្រោង FOWASH ដែលផ្តល់មូលនិធិដោយ KOICA អង្គការ Oxfam និងដៃគូបានសហការជាមួយសហគមន៍ ដោយធ្វើការជាមួយក្រុមការងារភូមិ ក្រុមការងារឃុំ និងក្រុមការងារសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអនាម័យ និងសារៈសំខាន់នៃបង្គន់អនាម័យក្នុងគ្រួសារ ដើម្បីសុខភាព និងសុខុមាលភាពកាន់តែប្រសើរ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ភូមិទាំងនោះបានសម្រេចកម្រិតនៃការគ្របដណ្តប់ផ្នែកអនាម័យតាមលក្ខណៈវិនិច្ឆ័យដែលតម្រូវ ដើម្បីទទួលបានការទទួលស្គាល់ជាភូមិ ODF+។

ពិធីអបអរសាទរនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ ដើម្បីទទួលស្គាល់នូវសមិទ្ធផលដ៏សំខាន់របស់សហគមន៍នេះ ៕


ដោយ ណយ នឿន (ប្រភព៖Oxfam)





