យោធិននារីលំហែមាតុភាពនៅយោធភូមិភាគទី៥ ទទួលបានប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីគាំពារមាតា និងទារក
AKP បាត់ដំបង ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦ -- ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពយោធិននារី ជាពិសេសក្នុងអំឡុងពេលលំហែមាតុភាព ត្រូវបានចាត់ទុកជាផ្នែកមួយនៃការគាំពារសង្គម និងជាការលើកទឹកចិត្តដល់កម្លាំងនារីក្នុងជួរកងយោធពលខេមរភូមិន្ទ។ ជាក់ស្តែង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ យោធិននារីលំហែមាតុភាពចំនួន ១០នាក់ នៃយោធភូមិភាគទី៥ បានទទួលប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយក្នុងម្នាក់ៗទទួលបាន ៨០០.០០០រៀល សរុបចំនួន ៨.០០០.០០០រៀល។
ពិធីប្រគល់ថវិកានេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរងយោធភូមិភាគទី៥ ដោយមានការចូលរួមពីការិយាល័យហិរញ្ញវត្ថុ ការិយាល័យទី៥ និងក្រុមការងារយោធិននារី យោធភូមិភាគទី៥។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ កែវ ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងលោកជំទាវ ទឹម ដានិត ឯក សំអូន ប្រធានកិត្តិយសយោធិននារីយោធភូមិភាគទី៥ ជូនចំពោះយោធិននារីដែលកំពុងលំហែមាតុភាព និងបានអញ្ជើញមកទទួលប្រាក់គោលនយោបាយនាពេលនេះ។
ការផ្តល់ប្រាក់គោលនយោបាយនេះ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេសស្ត្រីដែលមានភារកិច្ចទាំងក្នុងការបំពេញបេសកកម្មជូនជាតិ និងការទទួលខុសត្រូវក្នុងការថែទាំគ្រួសារ និងកូនតូច។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ កែវ ចំរើន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការថែរក្សាសុខភាពក្នុងអំឡុងពេលលំហែមាតុភាព ដោយអំពាវនាវឱ្យយោធិននារីយកចិត្តទុកដាក់លើសុខភាពទាំងម្តាយ និងកូន ព្រោះសុខភាពរបស់ម្តាយ គឺជាមូលដ្ឋានសំខាន់សម្រាប់ការថែទាំ និងចិញ្ចឹមបីបាច់កូនឱ្យមានសុខភាពល្អ។
តាមរយៈការផ្តល់ប្រាក់គោលនយោបាយនេះ យោធិននារីលំហែមាតុភាពទាំង ១០នាក់ មិនត្រឹមតែទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ស្ត្រីក្នុងការបំពេញតួនាទីទាំងក្នុងជួរកងទ័ព និងក្នុងគ្រួសារ។
សម្រាប់យោធិននារី ការទទួលបានការគាំពារក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន គឺជាកត្តាដែលជួយឱ្យពួកគេមានភាពកក់ក្តៅ និងទំនុកចិត្តក្នុងការបំពេញភារកិច្ច។ ស្របពេលដែលពួកគេមានតួនាទីការពារជាតិ និងបំពេញបេសកកម្មនៅក្នុងកងយោធពលខេមរភូមិន្ទ ការយកចិត្តទុកដាក់លើសុខុមាលភាព និងគ្រួសាររបស់ពួកគេ ក៏ជាផ្នែកមួយនៃការពង្រឹងកម្លាំងចិត្តរបស់កងកម្លាំងផងដែរ។

ពិធីប្រគល់ប្រាក់គោលនយោបាយនេះ ក៏បានឆ្លុះបញ្ចាំងពីការរួមចំណែកក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈការជួយសម្រាលបន្ទុកចំណាយរបស់គ្រួសារ និងលើកកម្ពស់សុខុមាលភាពមាតា និងទារក។ ទន្ទឹមនឹងនេះ ការណែនាំអំពីការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ ការថែរក្សាសុខភាព និងការចៀសឆ្ងាយពីគ្រឿងញៀន ក៏ជាការរួមបញ្ចូលគ្នារវាង ការគាំទ្រផ្នែកសេដ្ឋកិច្ច ការថែទាំសុខភាព និងការការពារសង្គម សម្រាប់យោធិននារី និងក្រុមគ្រួសាររបស់ពួកគេ។
គួរបញ្ជាក់ថា ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ និងសាមគ្គីភាព ដោយយោធិននារីដែលទទួលបានប្រាក់គោលនយោបាយ បានទទួលការណែនាំ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ដើម្បីបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពមាតា និងកូន ព្រមទាំងត្រៀមខ្លួនវិលត្រឡប់មកបំពេញភារកិច្ចនៅពេលសមស្រប៕

ដោយ៖ ឈុន សារ៉ាត





