ទូតកម្ពុជាប្រចាំនៅកូរ៉េជំនួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក ជំទាវនៅកាលពីថ្ងៃអង្គារ ទី២៥ ខែសី ហាឆ្នាំ២០២៦បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ អភិបា លរងខេត្តកំពត នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបច្ចុប្បន្ន ភាពនៃការអភិវឌ្ឍក្នុងខេត្តកំពតលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថានភាពប្រជាជន និងគម្រោងរបស់ខេត្តក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលអញ្ជើញបំពេញបេសកកម្មនៅប្រទេសកូរ៉េ។

ឯកឧត្តម ក៏បានជម្រាបជូនប្រតិភូអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ទេសច រណ៍ និងស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរក្នុងប្រទេសកូរ៉េផងដែរ។

ឯកឧត្តម ក៏បានមានប្រសាសន៍ថា ខេត្តកំពតគឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ហើយផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត និងផ្កាអំបិល ក៏ត្រូវបានទទួលស្គាល់ថាជាផលិតផល ដែលមានគុណភាពខ្ពស់ផងដែរ ដូច្នេះស្ថានទូតអាចជួយផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទាំងនេះរបស់ខេត្តនៅប្រទេសកូរ៉េ ឱ្យបានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៌នានាក្នុងប្រទេសកូរ៉េ៕

ដោយ៖ ប៊ុនរិទ្ធ





