រដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី កេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ
AKP កណ្ដាល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦–រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី“ការអនុវត្តវិធីសាស្ត្រដោតលើកុមារ ក្នុងការឆ្លើយតបចំពោះអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ” ក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ ពិភាក្សាបញ្ហាប្រឈម និងដំណោះស្រាយ និងដើម្បីចែករំលែកនូវបទពិសោធន៍ជាក់ស្តែងរបស់អ្នកអនុវត្តផ្ទាល់ ករណីសិក្សា លទ្ធផល ស្រាវជ្រាវ និងទស្សនៈរបស់ជនរងគ្រោះ ដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយសិទ្ធិកុមារ និងផ្តោតលើឧត្តមប្រយោជន៍របស់កុមារ ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល លោកស្រី នួន នារតី ប្រធានគណៈកម្មាធិកាកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា អំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា វាក៏បានក្លាយជាក្ដីបារម្ភថ្មីមួយទៀតដែលទាមទារអោយភាគីគ្រប់ភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្ត្រីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីបង្ការទប់ស្កាត់ និងការពារកុមារពីអំពើកេង ប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ តំណភ្ជាប់អ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងជាលំដាប់ ហើយ មនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ឆ្លងតាមការពិភាក្សាការងារ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ពិសោធន៍នៅពេលនេះ វាជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តតួនាទី និងភារកិច្ចយើងបន្តក្នុងការបត់បែនទៅតាមស្ថានភាពជាក់ស្ដែងក្នុងមូលដ្ឋាននីមួយៗរបស់យើងឱ្យកាន់តែល្អប្រសើបន្ថែមទៀត។ ហើយយើងផ្ដោតសំខាន់លើការអនុវត្តបែបកុមារមេត្រី ធ្វើម្ដេចអោយកុមារគាត់មានលទ្ធភាពពេញលេញក្នុងការសហការជាមួយយើងគ្រប់ដំណាក់កាលទាំងអស់ តាំងពីដំណាក់កាលដែលគាត់មករាយការណ៍ ដំណាក់កាលស៊ើបសួរ សួរចម្លើយ ស៊ើបអង្កេត និងដំណាក់កាលចូលរួមដើម្បីមានភស្តុតាងគ្រប់គ្រាន់ ក្នុងការឈានទៅកាត់ទោស និងផ្ដន្ទាទោសជនល្មើសដែលបានប្រព្រឹត្តមកលើកុមារ ក្នុងគោលដៅធ្វើមិចការពារនូវសិទ្ធិ សុវត្ថិភាព និងឧត្តមភាពរបស់កុមារ។


លោកស្រី អភិបាលរងខេត្តក៏ បានជំរុញដល់តាមបណ្តាមន្ទីរជំនាញ-អង្គភាពពាក់ព័ន្ធនានា ត្រូវសហការគ្នា អនុវត្តការងារបែបអន្តរវិស័យ ព្រោះថាតាមបណ្ដាមន្ទីរ-អង្គភាពជំនាញនានា មានតួនាទី និងភារកិច្ចដែលត្រូវធ្វើរៀងៗខ្លួន និងត្រូវមានការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីជំនាញគ្រប់ស្ថាប័នទាំងអស់នេះជារឿងសំខាន់ ព្រោះថាពេលដែលយើងគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ វាជួយឱ្យយើងជួយទៅដល់ជនរងគ្រោះបាន និងជួយការពារយើងមិនអោយមានកំហុសខុសឆ្គង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់យើង ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តខេត្តកណ្តាល)





