អាមេនីនឹងចាប់ផ្តើមដំណើរការដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស្ស៊ីនយ៉ាន បាននិយាយថា ប្រទេសអាមេនីនឹងចាប់ផ្តើមដំណើរការដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប (EU) ក្នុងពេលឆាប់ៗនេះ។
ខណៈដែលកំពុងបង្ហាញកម្មវិធីរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៦-២០៣១ ទៅកាន់សភា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីថា ការធ្វើប្រជាមតិ គឺសមហេតុផលនៅពេលដែលការពិភាក្សាអំពីបញ្ហានេះបានឈានដល់ចំណុចរបត់មួយ ហើយវាអាចធ្វើទៅបានដើម្បីចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវ។ លោក ប៉ាស្ស៊ីនយ៉ាន បាននិយាយថា «ដើម្បីឆ្លើយសំណួរទាំងនេះ ប្រទេសអាមេនីត្រូវតែដាក់ពាក្យសុំជាផ្លូវការសម្រាប់សមាជិកភាពសហភាពអឺរ៉ុបជាមុនសិន។ នេះ គឺជាដំណើរការដ៏ទូលំទូលាយមួយ ហើយយើងនឹងចាប់ផ្តើមវានៅពេលអនាគតដ៏ខ្លីខាងមុខនេះដែលយ៉ាងហោចណាស់ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សហការីរបស់យើងមកពីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)»។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សភាអាមេនីបានអនុម័តច្បាប់មួយដែលចាប់ផ្តើមដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសនេះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកត់សម្គាល់ថា ការធ្វើសមាហរណកម្មទៅក្នុងសហភាពអឺរ៉ុបនឹងតម្រូវឱ្យមានការបញ្ចប់កិច្ចសហប្រតិបត្តិការរបស់អាមេនីជាមួយ EAEU និងការបាត់បង់អនុគ្រោះពន្ធទាំងអស់ដែលពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំកំពូល EAEU នៅទីក្រុងអាស្តាណា កាលពីថ្ងៃទី២៩ ខែឧសភា មេដឹកនាំនៃប្រទេសរុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ដែលបង្ហាញពីទស្សនៈរួមរបស់ពួកគេថា អាមេនីត្រូវតែធ្វើប្រជាមតិទូទាំងប្រទេសថា តើត្រូវចូលរួមជាមួយ EU ឬនៅតែស្ថិតនៅក្នុង EAEU។ នៅថ្ងៃទី១១ ខែសីហាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីឃែល ហ្កាលូហ្ស៊ីន បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា អាមេនីត្រូវតែសម្រេចចិត្តថា តើត្រូវធ្វើប្រជាមតិទូទាំងប្រទេសទៅលើការចូលរួមជាមួយ EU ឬរក្សាសមាជិកភាពរបស់ខ្លួននៅក្នុង EAEU នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ នៅពេលដែលបញ្ហានៃជំហានបន្ទាប់ដែលអាចកើតមានទាក់ទងនឹងទីក្រុងយេរេវ៉ាននឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ប្រមុខរដ្ឋ EAEU៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





