ចិនប្រកាសអាសន្នជាថ្មីសម្រាប់ព្យុះភ្លៀង និងព្យុះទីហ្វុង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) កាលពីថ្ងៃចន្ទ បានបន្តការព្រមានពណ៌លឿងសម្រាប់ព្យុះភ្លៀង និងការជូនដំណឹងពណ៌ខៀវសម្រាប់ព្យុះទីហ្វុងទី១៩ នៃឆ្នាំនេះដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់ដល់តំបន់ជាច្រើននៃប្រទេស។
យោងតាមមជ្ឈមណ្ឌល NMC បានឱ្យដឹងថា ចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃចន្ទ ដល់ម៉ោង ៨:០០ព្រឹកថ្ងៃអង្គារ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងវាយប្រហារផ្នែកខ្លះនៃខេត្តហ្សេជាំង ខេត្តហ្វូចៀន ខេត្តក្វាងទុង កោះតៃវ៉ាន់ ខេត្តហៃណាន ខេត្តជាំងស៊ី ខេត្តហ៊ូណាន ខេត្តហ៊ូប៉ី យូណាន ខេត្តឡៅនីង ខេត្តជីលីន ខេត្តហ៊ីឡុងជាំង។
ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារភាគអាគ្នេយ៍ខេត្តហ្សេជាំង តំបន់ឆ្នេរសមុទ្រភាគខាងកើតនៃខេត្តហ្វូចៀន ភាគខាងជើងខេត្តក្វាងទុង ផ្នែកភាគច្រើននៃកោះតៃវ៉ាន់ និងភាគខាងកើតខេត្តឡៅនីង ដោយតំបន់មួយចំនួននៅកោះតៃវ៉ាន់ទំនងជាមានភ្លៀងធ្លាក់ខ្លាំងពី ២៥០ ទៅ ៣០០មីលីម៉ែត្រ។
មជ្ឈមណ្ឌល NMC បាននិយាយថា តំបន់ដែលរងផលប៉ះពាល់នឹងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងរយៈពេលខ្លី ដោយមានទឹកភ្លៀងធ្លាក់រៀងរាល់ម៉ោងឡើងពី ២០ ទៅ ៥០មីលីម៉ែត្រ អមដោយព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ទន្ទឹមនឹងនេះ ព្យុះទី១៩ នៃឆ្នាំនេះ ស្ថិតនៅវេលាម៉ោង ៥:០០នាទីព្រឹកថ្ងៃចន្ទ នៅក្នុងឈូងសមុទ្របីប៊ូ ចម្ងាយប្រហែល ១៨៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុងបីហៃ ក្នុងតំបន់ស្វយ័តក្វាងស៊ីឈួង ភាគខាងត្បូងប្រទេសចិនជាមួយនឹងខ្យល់បក់អតិបរមា ២៣ម៉ែត្រក្នុងមួយវិនាទីនៅជិតចំណុចកណ្តាលរបស់វា។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានលេខកូដពណ៌ចំនួន ៤កម្រិតដោយពណ៌ក្រហមតំណាងឱ្យធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





