ក្រុមវិសាខា គ្រងជើងឯក បាល់ទះ U20 ទូទាំងប្រទេស ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ក្រុមបាល់ទះវិសាខាបានគ្រងម្ចាស់ជើងឯក ការប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ (Wurkz Special Volleyball Cup U20 2026) ជុំផ្ដាច់ព្រ័ត្ររាជធានីភ្នំពេញ ក្រោយពីបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ដោយលទ្ធផលបច្ចេកទេស ៣សិតទល់២សិត នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញវគ្គផ្តាច់ព្រ័ត្រ និងពិធីបំពាក់មេដាយ ប្រគល់ពានរង្វាន់ជ័យលាភីបានធ្វើឡើងក្រោមវត្តមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្រុមវិសាខា ដែលឈ្នះជើងឯកនៅវគ្គផ្តាច់ព្រ័ត្រលើក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងលទ្ធផល ៣សិតទល់២សិតនេះ គឺធ្វើសម្រចក្នុងពិន្ទុ ២២-២៥, ២១-២៥, ២៥-២២, ២៥-១៧ និងពិន្ទ ១៥-១១។ ជាមួយនឹងជ័យជម្នះគ្រងជើងឯកនេះបានធ្វើឱ្យក្រុមវិសាខា ទទួលបានពានរង្វាន់ មេដាយមាស អមដោយថវិកា ៥០លានរៀល ក្រុមជើងឯករង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបានមេដាយប្រាក់ អមដោយថវិកា ២០លានរៀល ក្រុមចំណាត់ថ្នាក់លេខ៣ ក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានមេដាយសំរឹទ្ធ អមដោយថវិកា ១២លានរៀល ខណៈក្រុមចំណាត់ថ្នាក់លេខ៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានថវិកា ៨លានរៀល។ ក្រៅពីជ័យលាភីក្រុម ក៏គណៈកម្មការបានរកឃើញជ័យលាភីពានរង្វាន់ឯកត្តជនចំនួន៧ជ័យលាភីផងដែរ៕

គួរបញ្ជាក់ថា ការប្រកួតបាល់ទះ U20 ទូទាំងប្រទេសត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយការប្រកួតជុំផ្តាច់ព្រ័ត្រនេះចាប់ពីថ្ងៃទី១៨-២៥ ខែតុលា ឆ្នាំ២០២៦ ដោយមាន១៣ក្រុម បែងចែកជា ៤ពូល។ ក្នុងនោះ មាន ៣ក្រុមទទួលបានសិទ្ធិចូលរួមប្រកួតនៅរាជធានីភ្នំពេញ និង១០ក្រុមទៀត ជាក្រុមជ័យលាភីឡើងមកពីមណ្ឌលទាំង៥ មានខេត្តកំពង់ឆ្នាំង កំពង់ធំ ក្រចេះ តាកែវ និងកោះកុង៕

ដោយ ហេង ណាលីន





