ឯកឧត្តម ជួន ប៊ិតថុលលើកទឹកចិត្តអង្គបោះឆ្នោតឱ្យជ្រើសរើសបេក្ខជនដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដ
AKP កំពង់ធំ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ជួន ប៊ិតថុល លើកទឹកចិត្តអង្គបោះឆ្នោតត្រូវជ្រើសរើសបេក្ខជនដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដ។

ឯកឧត្តម ជួន ប៊ិតថុល រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំបានលើកឡើងដូច្នេះក្នុងឱកាសបោះឆ្នោតផ្ទៃក្នុងនិងការស្ទាបស្ទង់មតិជាសម្ងាត់ដើម្បីជ្រើសរើសនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំរុងរឿងស្រុកស្ទោង ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរុងរឿង។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបោះឆ្នោតស្ទាបស្ទង់នៅក្នុងឱកាសនេះគឺជាការជ្រើសរើសយកបេក្ខជនឬបុគ្គលដែលមានសមត្ថភាព មានការលះបង់និងការចូលរួមព្រមទាំងមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការ និងដឹកនាំគ្រប់គ្រងអង្គភាពសាលាឃុំ ព្រមទាំងយល់អាធ្យាស្រ័យដល់សុខទុក្ខ ប្រជាពលរដ្ឋ ចេះសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសជាមួយក្រុមការងារ។
ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ថាការបោះឆ្នោតគឺជាឱកាសមាសរបស់ប្រជាពលរដ្ឋក្នុងការសម្រេចវាសនាមូលដ្ឋានរបស់ខ្លួន ដូច្នេះការជ្រើសរើសមន្ត្រីឬបេក្ខជនដែលចុះជាប់ជាប្រចាំជាមួយប្រជាជន យល់ពីសុខទុក្ខនិងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ គឺជាកត្តាចាំបាច់ហើយបេក្ខជនដែលមានគុណវុឌ្ឍិគឺត្រូវតែជាអ្នកដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ឃុំរុងរឿងឱ្យកាន់តែរីកចម្រើនបន្តទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ជូន ប៊ិតថុលប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿងបានអំពាវនាវប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឬធ្វើជីវមាត្រឱ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៧ខាងមុខនេះ និងបានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវបន្តកិច្ចសហការនិងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាព ជីវភាពប្រជាពលរដ្ឋជាពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័សមិនប្រកាន់បក្សពួកឬនិន្នាការនយោបាយនិងទទួលបានការជឿជាក់ពីពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា ឃុំរុងរឿង មានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន៥រូបហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន៣០៨នាក់ ដែលបេក្ខជនឈរឈ្មោះមាន១៤រូបហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក៥រូប៕
ដោយ ស៊ុម វណ្ណា





