សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា គ្មានគម្រោងកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ
AKP ក្រចេះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនមានគម្រោងក្នុងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ អ្វីដែលសំខាន់នោះ គឺពង្រឹង ជាជាងពង្រីក។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺប្រកាន់ជំហរ ពង្រឹងស្ថាប័ន ក្រសួងនីមួយៗ តាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់ មកដល់ម៉ោងនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ហើយខ្ញុំ សូមនិយាយម្ដងទៀត តាំងពីដើមអាណត្តិរហូតមកដល់ម៉ោងនេះ រដ្ឋាភិបាល អត់មានគម្រោងនៅក្នុងការកាត់បន្ថយ ឬបង្កើន ក្រសួង ស្ថាប័ន នោះទេ។ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងប្រកាន់ជំហរ ពង្រឹង ជាជាងពង្រីក ពង្រឹងស្ថាប័ន ក្រសួងនីមួយៗ ដែលយើងធ្វើវិភាគមុខងារ និងកែទម្រងមកដល់ម៉ោងនេះ»។
សម្ដេចធិបតី បន្ថែមថា ការងារពង្រឹង ក្រសួង ស្ថាប័ននីមួយ ក្នុងនោះ ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងប្រព័ន្ធការងារ ពង្រឹងធនធានមនុស្ស៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





