អូម៉ង់ និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីមធ្យោបាយស្តារឡើងវិញនៃការដឹកជញ្ជូនតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ -- អូម៉ង់ និងអ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ បានពិភាក្សាគ្នាអំពីការវិវឌ្ឍដែលប៉ះពាល់ដល់ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមុស ដោយភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការឈានដល់ «ការយោគយល់គ្នាជាក់ស្តែង» ដើម្បីបើកផ្លូវសម្រាប់លំហូរចរាចរណ៍ផ្លូវសមុទ្រដោយសេរី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអូម៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោកបាដឺរ អាល់ប៊ូសៃឌី និងសមភាគីអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈីបានជជែកគ្នាតាមទូរស័ព្ទ ចំពេលដែលមានការរំខានដល់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ និងភាពតានតឹងជាប់លាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារសារព័ត៌មាននោះ បានឱ្យដឹងថា អ្នកការទូតកំពូលទាំងពីររូបបានពិភាក្សាគ្នាអំពី «វិធីបង្កើតលក្ខខណ្ឌអំណោយផលដល់ការបន្តកិច្ចសន្ទនា ដោយមានគោលបំណងកាត់បន្ថយភាពខុសគ្នា និងឈានដល់ដំណោះស្រាយដោយសន្តិវិធី... ខណៈដែលគិតគូរពីផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់»។
ពួកគេក៏បានរាយការណ៍ផងដែរថា បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការឈានដល់ «ការយោគយល់គ្នាជាក់ស្តែង» ដើម្បីស្តារការធ្វើនាវាចរណ៍ដោយរលូនតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។
នៅដើមខែសីហា ទីក្រុងតេអេរ៉ង់ បានប្រកាសថា ខ្លួនបានឈានដល់ការយោគយល់គ្នាជាមួយទីក្រុងមូស្កាត ទៅលើកូអរដោនេភូមិសាស្ត្រនៃច្រកសមុទ្រដែលបានស្នើឡើងសម្រាប់នាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រហ័រមុស។
នៅពេលនោះ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើលក្ខណៈវិនិច្ឆ័យភូមិសាស្ត្រនៃច្រករបៀងនេះ ខណៈដែលសេចក្តីថ្លែងការណ៍រួមដែលគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងនៅតែមិនទាន់ត្រូវបានបញ្ចប់។
ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមុស នៅតែទាបជាងកម្រិតមុនសង្គ្រាម ចំពេលដែលមានហានិភ័យសន្តិសុខជាបន្តបន្ទាប់ និងការវាយប្រហារជាញឹកញាប់លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ដែនទឹកក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





