រដ្ឋបាលខេត្តបន្ទាយមានជ័យប្តេជ្ញាចិត្តខ្ពស់បន្តបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) និងការពង្រឹងអនុក្រឹត្យលេខ ០៣ អនក្រ.បក
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈ សំខាន់មួយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ចេញនូវវិធានការម៉ឺងម៉ាត់បន្ថែមទៀត លើការងារបង្ក្រាបបទល្មើសឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិ បាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

កិច្ចប្រជុំអន្តរស្ថាប័ននេះ បានប្រារព្ធឡើងនៅសាលប្រជុំ «ខ» សាលាខេត្តបន្ទាយ មានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់តំណាងស្ថាប័នតុលាការ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត លោក-លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង៩ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ត ម អ៊ុ រាត្រី បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាបញ្ហាសកល និងជាឧប សគ្គមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់បំផុត និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបោស សម្អាតឱ្យអស់ពីមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្ថាប័នតុលាការ និងអាជ្ញាធរដែនដី ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការទប់ស្កាត់ និងបង្ក្រា បបទល្មើសទាំងនេះបានជាបន្តបន្ទាប់។

«យើងត្រូវបន្តពង្រឹងស្មារតីម្ចាស់ការ និងកិច្ចសហការគ្នាឱ្យកាន់តែសកម្មថែមទៀត រវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នតុលាការ ដើម្បីធានាថា គ្មានទីតាំងណាមួយក្នុងខេត្តបន្ទាយមានជ័យ ត្រូវគេប្រើប្រាស់ជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិនាមប្រទេសជាតិឡើយ»។ នេះជាប្រសាសន៍បញ្ជាក់បន្ថែមរបស់ ឯកឧត្តម អ៊ុ រាត្រី ។
ការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បកបន្ថែមពីលើការបង្ក្រាបបទល្មើស Online Scams កិច្ចប្រជុំក៏បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការត្រួតពិនិត្យ និងជំរុញការអនុវត្ត អនុក្រឹត្យលេខ ០៣ អនក្រ.បក ដែលជាគតិយុត្តដ៏មានសារៈសំខាន់ក្នុងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមទីតាំងរស់នៅប្រមូលផ្តុំ ដូចជាខុនដូ បុរី សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងអាជីវកម្មជួលស្នាក់នៅផ្សេងៗ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង៩ និងសមត្ថ កិច្ចពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យឱ្យបានហ្មត់ចត់ជាប្រចាំចំពោះការគ្រប់គ្រងជនបរទេសស្នាក់នៅ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមទីតាំងទាំងនោះ ដើម្បីបិទរន្ធលួចលាក់ប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយ។

ជាលទ្ធផលនៃកិច្ចប្រជុំដ៏មានសារៈសំខា ន់នេះ អង្គប្រជុំបានឯកភាពគ្នាលើចំណុ ចសំខាន់ៗមួយចំនួនបន្តពង្រឹងការល្បា ត ការប្រមូលព័ត៌មានសម្ងាត់ និងការក្តាប់ឱ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាព ទាំងឡាយ។
បង្កើនកិច្ចសហការរវាងកងកម្លាំងចម្រុះ និងស្ថាប័នតុលាការ ដើម្បីធានាថាការស៊ើប អង្កេត និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការប្រព្រឹត្តទៅបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ជំរុញការផ្សព្វផ្សាយដល់ម្ចាស់ទីតាំងអាជីវកម្ម និងប្រជាពលរដ្ឋឱ្យយល់ដឹងពីផលប៉ះពាល់ និងច្បាប់ទូទាត់ពាក់ព័ន្ធ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរ។
កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសសហការគ្នាយ៉ាងល្អប្រសើរ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឱ្យបានកាន់តែល្អប្រសើរថែមទៀត៕
ដោយ៖ឈុនសារ៉ាត





