លោកបណ្ឌិត ហេង សំណាង ដឹកនាំក្រុមការងារចូលរួមកាន់បិណ្ឌវេនទី១២ជាមួយពលរដ្ឋ ដើម្បីឧទ្ទិសកុសលដល់ញាតិកាទាំង៧សណ្តាន និងវីរៈកងទ័ពពលី ចំនួនពីរវត្តក្នុងឃុំទួលគ្រើល
AKP កំពង់ធំ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--លោកបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ចូលរួមកាន់បិណ្ឌវេនទី១២ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅវត្តក្រពើច័ន្ទរង្សី និងវត្តក្រពើចាស់ស្ថិតនៅក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងពេញដោយសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព និងយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីនិងសន្តិភាព និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនិងក្រុមការងារស្រុកក្នុងនាមជាពុទ្ធសាសនិកជនដ៏គំរូ ចំពោះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំនិងមានអត្ថន័យជ្រាលជ្រៅបំផុតរបស់ជាតិខ្មែរ។

លោកបណ្ឌិត ហេង សំណាងបានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរួមជាកម្លាំងសាមគ្គី និងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងចូលរួមសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ គឺជាកត្តាលីករយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងជាគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងភូមិ-ឃុំរបស់ខ្លួនឱ្យមានការរីកចម្រើនជាលំដាប់ និងប្រកបដោយចីរភាព។

ជាមួយគ្នានោះ លោកបណ្ឌិត ហេង សំណាង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕

ដោយ ស៊ុម វណ្ណា





