លោកជំទាវ ឃួន វិឡាវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា)
AKP ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកជំទាវ ឃួន វិឡាវណ្ណ ទីប្រឹក្សាសម្តេចផ្ទាល់ តំណាងដ៏ខ្ពង់ខ្ពស់ ព្រមទាំងញាតិមិត្តជិតឆ្ងាយ រួមជាមួយប្រជាពុទ្ធបរិស័ទ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តក ណ្តាល។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង៧សន្តាន និងវីរជនស្នេហាជាតិ វីរៈកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី។

នៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះ លោកជំទាវ ឃួន វិឡាវណ្ណ បានបួងសួងសូមឱ្យប្រជាពលរដ្ឋខ្មែរ បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ៗរូប និងជាពិសេស សូមឱ្យប្រទេសជាតិ ឈ្នះអស់មារសត្រូវ បន្តការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ក្រោមម្លប់សុខសន្តិភាព ឯកភាព និងសាមគ្គីភាព លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជានិរន្តរ៍តទៅ។

ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) នាឱកាសនេះ ក្រោមព្រះវត្តមានព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ គឺជាព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដោយបានប្រារព្ធប្រតិបត្តិតាមគន្លងប្រពៃណីសាសនា មានថ្វាយទៀន ធូប ផ្កា គ្រឿងសក្ការបូជា ចំពោះព្រះពុទ្ធរូប សូត្រមន្តនមស្ការចម្រើនព្រះបរិត្ត រាប់បាត្រប្រ គេនទេយ្យទាន ចំពោះព្រះសង្ឃ ក្នុងសទ្ធាដ៏ជ្រះថ្លាជាទីបំផុត។

ក្រៅពីប្រគេនទេយ្យទានចំពោះព្រះសង្ឃ លោកជំទាវ ឃួន វិឡាវណ្ណ ក៏បានប្រគេនបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានានៅក្នុងវត្ត និងបានជូនថវិកា ដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលរួមពិធីបុណ្យនេះផងដែរ។
សូមជម្រាបផងដែរថាបុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រារព្ធតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូន កូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ ២០២៦នេះ ប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
ដោយ៖ ប៊ុនរិទ្ធ ,ប្រភព៖ រដ្ឋសភា





