ឥណ្ឌូណេស៊ីយល់ឃើញថា ជំនាញបច្ចេកវិទ្យា គឺជាគន្លឹះនៃវឌ្ឍនភាពជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនការវិនិយោគលើវិស័យអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីរៀបចំកម្លាំងពលកម្មដែលមានជំនាញខ្ពស់របស់ខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយអ្នកស្រាវជ្រាវចំនួន ១៥០នាក់មកពីទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ (BRIN) កាលពីពេលថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានបញ្ជាក់ថា ភាពស្ទាត់ជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺមានសារៈសំខាន់ណាស់សម្រាប់ការពន្លឿនការអភិវឌ្ឍជាតិ និងបង្កើនការប្រកួតប្រជែងជាសកលរបស់ឥណ្ឌូណេស៊ី។
លោកបានសង្កត់ធ្ងន់ថា ប្រទេសមួយអាចសម្រេចបាននូវភាពជឿនលឿនបានលុះត្រាតែមានមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំ ដែលមានមូលដ្ឋានលើការអប់រំដែលមានគុណភាពខ្ពស់។
ប្រទេសឥណ្ឌូណេស៊ីមានគម្រោងបង្កើតបណ្តាញសាលារៀនទូទាំងប្រទេសសម្រាប់សិស្សពូកែ ដែលផ្តល់ជូនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ (IB) ដើម្បីបំពេញតាមស្តង់ដារអប់រំអន្តរជាតិ។ រដ្ឋាភិបាលក៏នឹងពង្រីកភាពជាដៃគូជាមួយសាកលវិទ្យាល័យឈានមុខគេនៅទូទាំងពិភពលោកតាមរយៈកម្មវិធីអប់រំ ការស្រាវជ្រាវ និងការផ្ទេរចំណេះដឹងរួមគ្នា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានការប្រកួតប្រជែងជាសកល។
នៅថ្ងៃដដែលនោះ ប្រធានទីភ្នាក់ងារ BRIN លោក អារីហ្វ សាទ្រីយ៉ា បានបង្ហាញយុទ្ធសាស្ត្រមួយដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ដែលនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលពីពីរទៅបីទសវត្សរ៍ខាងមុខ។ ទីភ្នាក់ងារ BRIN បានកំណត់វិស័យអាទិភាពចំនួនប្រាំមួយ ដែលរួមមានវិស័យអេឡិចត្រូនិច បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាហ្សែន បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យានុយក្លេអ៊ែរ និងបច្ចេកវិទ្យាអវកាស។
ទីភ្នាក់ងា BRIN ក៏កំពុងកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានុយក្លេអ៊ែរដ៏ទូលំទូលាយមួយដែលគ្របដណ្តប់លើការជីកយករ៉ែ និងកែច្នៃអ៊ុយរ៉ាញ៉ូម និងថូរីញ៉ូម ការផលិតឥន្ធនៈនុយក្លេអ៊ែរ បច្ចេកវិទ្យារ៉េអាក់ទ័រ សុវត្ថិភាពវិទ្យុសកម្ម និងការគ្រប់គ្រងកាកសំណល់វិទ្យុសកម្មផងដែរ។ លោក អារីហ្វ បាននិយាយថា ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាទាំងនេះ ឥឡូវនេះនឹងអាចឱ្យប្រទេសឥណ្ឌូណេស៊ីអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរនាពេលអនាគតរបស់ខ្លួនដោយឯករាជ្យជាជាងការពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានាំចូល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





