លោកអភិបាលស្រុកស្ទោង ណែនាំដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវមានភាពឆ្លៀសវៃ ចេះបត់បែនតាមស្ថានភាពកាលៈទេសៈ
AKP កំពង់ធំ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានណែនាំដល់បេក្ខជនត្រៀម ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិត្រូវមានភាពឆ្លៀសវៃចេះបត់បែនតាមស្ថានភាពកាលៈទេសៈក្នុងឱកាសជួបសំណេះសំណាលសួរសុ ខទុក្ខ និងលើកទឹកចិត្តបេក្ខជនត្រៀមប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)និងអាណាព្យាបាល មកពីភូមិកំពង់ចិននាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា មិនមែនសម្រាប់តែក្នុងស្ថានភាពប្រឡងឬស្ថានភាពប្រកួតប្រជែងណាមួយទេគឺទាំងស្ថានភាពរស់នៅប្រចាំថ្ងៃយើងត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែង មានភាពស្ទាត់ជំនាញក្នុងការដោះស្រាយបញ្ហាប្រឈមភ្លាមៗពេលប្រឡង និងក្នុងការរស់នៅ ជាពិសេសសម្របសម្រួលទៅតាមបរិបទសង្គមទូទៅ។ទន្ទឹមនឹងនេះ បេក្ខជនគ្រប់រូបត្រូវ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យមានស្មារតីរឹងប៉ឹង ព្រមទាំងខិតខំប្រឹងប្រែងប្រមូលផ្តុំប្រាជ្ញាញាណដើម្បីទទួលបានលទ្ធផលល្អ។

ក្នុងនាមជាអ្នកសិក្សារៀនសូត្រនិងជាយុវជនត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ត្រូវមានទស្សនវិស័យវែងឆ្ងាយបន្ទាប់ពីបញ្ចប់ការប្រឡង ដោយជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ឬសាលាវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យស្របតាមចំណង់ចំណូលចិត្តនិងតម្រូវការទីផ្សារពលកម្ម។
ដើម្បីជាការតបស្នងសងគុណដល់ឪពុកម្ដាយក្រុមគ្រួសារលោកគ្រូអ្នកគ្រូ និងស្រុកកំណើត បន្ទាប់ពីទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ហើយ ត្រូវយកសមត្ថភាពទាំងនោះមកចូលរួមចំណែកកសាង និងអភិវឌ្ឍមូលដ្ឋានស្រុកស្ទោងឱ្យកាន់តែរីកចម្រើន។
ជាមួយនេះដែរលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក សោម សារឿន និងភរិយា ដែលបាននិងតែងតែចូលរួមសហការជាមួយអាជ្ញាធរស្រុកស្ទោង ជាពិសេសបានឧបត្ថម្ភនៅទឹកប្រាក់ និងសម្ភារសម្រាប់លើកទឹកចិត្តក្មួយៗជាបេក្ខជន មកពីភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង នៅក្នុងឱកាសនេះ។

ឆ្លៀតឱកាសនេះដែរលោក វ៉ាត សុណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនត្បូង បានឆ្លៀតបញ្ជ្រាបអំពីគោលការណ៍ភូមិឃុំមានសុវត្ថិភាពនិងគ្រឿងញៀនដល់បេក្ខជនបានជ្រាបនិងជាសវៀងឱ្យបានដាច់ខាត។
សូមបញ្ជាក់ថា បេក្ខជនដែល បានចូលរួមនៅក្នុងឱកាសនោះមានចំនួន២៣នាក់ដែលក្នុងម្នាក់ទទួលបានការឧបត្ថម្ភនៅថវិកាចំនួន៥ម៉ឺនរៀលនិងសារុងមួយ៕

ដោយ៖ ស៊ុម វណ្ណា





